(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺនៅសល់តែរយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ ពោលគឺត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយគ្នានេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយប្រកាសឱ្យម្ចាស់យានយន្ដទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធសម្រាប់ឆ្នាំ២០១៧ រួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា ជៀងវាងរងការផាកពិន័យទ្វេដង។
អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា រយៈពេលកន្លងមកនេះ មានម្ចាស់យានយន្ដភាគច្រើន បានមកបង់ពន្ធរួចរាល់ហើយ តែម្ចាស់យានយន្ដមួយចំនួនទៀតមិនទាន់បានមកបង់ពន្ធនៅឡើយ។ ដើម្បីជៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅជិតថ្ងៃផុតកំណត់ ដែលអាចនាំទៅដល់បាតុភាព អសកម្ម ដោយប្រការណាមួយអគ្គនាយកដ្ឋាន សូមក្រើនរំលឹកជាថ្មី ដល់ម្ចាស់យានយន្ដ សូមឲ្យរួសរានមកបង់ពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹង ត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ៕