(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសធ្ងន់៨នាក់ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច១គ្រឿង,​ រថយន្ដធុនធំ២គ្រឿង,និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៧៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៩១នាក់ របួសធ្ងន់ចំនួន១៧៨នាក់ និងរបួសស្រាលចំនួន១៣២នាក់៕