(ភ្នំពេញ)៖ ពិតជាគួរឱ្យសោកស្តាយបំផុតជនបរទេសមួយចំនួនមាននិន្នាការគាំទ្របក្សប្រឆាំងបាន បំផ្លើសការពិតនៃស្ថានភាពនយោបាយនៅកម្ពុជា ដោយបរិហារថា «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់បាត់ទៅតាមការរលាយរបស់គណបក្សសង្គ្រោះជាតិ តាមអំណាចសាលដីការបស់តុលាការ កំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧» ហើយត្រូវបានបន្ទូរតាមដោយជនជាតិខ្មែរមួយចំនួន។ នេះគឺជាការបំភ្លៃខុសពីការពិត និងមានចេតនាមួលបង្កាច់កម្ពុជាទៅតាមកំហឹងរបស់ខ្លួន ដែលខឹងនឹងការរំលាយបក្សសង្គ្រោះជាតិ និងមិនទទួលស្គាល់ការពិតនៃទង្វើក្បត់ជាតិរបស់បក្សនេះដែលបានឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។
តើលទ្ធិប្រជាធិបតេយ្យពិតប្រាកដស្ថិតនៅការអនុវត្តជាក់ស្តែង ឬនៅលើតែបបូរមាត់របស់បរទេសមួយចំនួនដែលតែងតែព្យាយាមបំផ្លាញខ្មែរតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយតាំងពីអតីតកាលរហូតមកទល់នឹងបច្ចុប្បន្ននេះ? ទំនងដោយសារតែភាពអាម៉ាសរបស់ខ្លួនដែលផែនការដាក់ ឱ្យបក្សប្រឆាំងអនុវត្ត ប៉ុន្តែត្រូវបានបរាជ័យដោយសារតែអណ្តាតរបស់ កឹម សុខា ទើបពួកគេព្យាយាមបំផ្លាញខ្មែរតាមរយៈការមួលបង្កាច់កម្ពុជាថាមិនគោរពសិទ្ធិមនុស្ស និងមិនដើរតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលពួកគេធ្លាប់ធ្វើប្រឆាំងនឹងកម្ពុជាកាលពីអតីតកាល។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខែតុលា ឆ្នាំ ១៩៩១ រាជរដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើងកើតចេញពីលទ្ធផលនៃ ការរៀបចំការបោះឆ្នោតនៅកម្ពុជានៅខែឧសភា ឆ្នាំ ១៩៩៣ ដោយអ៊ុនតាក់។ សហគមន៍អន្តរជាតិបានជួយកម្ពុជាដែលរងគ្រោះខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល ឱ្យកសាងប្រទេសខ្លួនឡើងវិញក្នុងផ្លូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រហូតមានការលូតលាស់ល្អនៅពេលនេះ។ បរទេសខ្លះបង្រៀនខ្មែរឱ្យអនុវត្តនីតិរដ្ឋ ការគោរពច្បាប់។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុវត្តច្បាប់យ៉ាងត្រឹមត្រូវប្រឆាំងរាល់បទល្មើសទាំងឡាយរាប់ទាំងវិធានការច្បាប់ប្រឆាំងនឹងអំពើឃុបឃិត ជាមួយបរទេស និងក្បត់ជាតិរបស់គណបក្សនយោបាយ និងបុគ្គលជាអ្នកនយោបាយ បែរជាត្រូវបានបរទេសមួយចំនួនថាមិនស្របច្បាប់ ផ្ទុយពីលទ្ធិប្រជាធិបតេយ្យទៅវិញដោយឱ្យកម្ពុជារំលោភច្បាប់ដោះលែងជនជាប់ចោទទាំងមិនទាន់មានការជំនុំជម្រះក្តីទៅវិញ។
តើពួកគេចង់បានអ្វីឱ្យពិតប្រាកដពីកម្ពុជា? តើទាល់តែកម្ពុជាធ្វើតាមការបង្គាប់បញ្ជារបស់ខ្លួនទាំងស្រុង ដើរតាមបន្ទាត់នយោបាយគូសវាសរបស់ បរទេសនោះទាំងស្រុង និងថែមទាំងប្រគល់វាសនាប្រទេសជាតិឱ្យពួកគេចាត់ចែងជំនួសដូចសម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ទៀត បានពួកគេសប្បាយចិត្ត និងថា ខ្មែរជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ទោះជាប្រព្រឹត្តខុសច្បាប់មែនឬ?
អ្នកទាំងនោះបាននិងកំពុងបំភ្លៃការពិត និងខ្លាចការពិតដោយមិនហ៊ានទទួលស្គាល់ការពិតថា ទង្វើរបស់គណបក្សប្រឆាំងនាពេលកន្លងទៅ នេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយមាត្រា ៦ថ្មី(ពីរ) និងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៧។
ពួកគេខិតខំព្យាយាមការពារទង្វើខុសច្បាប់ទាំងងងឹតងងុល ព្រោះដោយសារតែគណបក្សសង្គ្រោះជាតិ និង កឹម សុខា គឺជាមធ្យោបាយតែមួយគត់ដែលបរទេសមួយចំនួនបានប្រើប្រាស់ដើម្បីបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ ខ្មែរ។ ប៉ុន្តែឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជាដែលតំណាងឱ្យផលប្រយោជន៍ជាតិ និងប្រជាជនខ្លួនបានចាត់វិធានការទាន់ពេលវេលាបំផ្លាញចោលនូវផែនការក្បត់ជាតិ ដែលបក្សសង្គ្រោះជាតិបានអនុវត្តតាំងពីយូរមកហើយ ក្រោមការជួយគាំទ្រ និងឱបត្ថម្ភរបស់បរទេសមួយចំនួនក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមទម្រង់បដិវត្តន៍ពណ៌។
មេដឹកនាំ និងបក្សសង្គ្រោះជាតិបានព្យាយាមបំផ្ទុះបដិវត្តន៍ពណ៌តាំងពីការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ដោយពួកគេបានចោទប្រកាន់ដោយមិនត្រឹមត្រូវ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលនេះជាផែនការរបស់គណបក្សសង្គ្រោះជាតិដើម្បីបង្កើតជាលេសសម្រាប់ការប្រមូលផ្តុំកម្លាំងរៀបចំជា មហាបាតុកម្ម បិទផ្លូវ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងសាកល្បងកម្លាំងជាមួយរដ្ឋអំណាចដើម្បីពិនិត្យលទ្ធភាព ក្នុងការធ្វើបដិវត្តន៍ដោយយកគំរូតាមយូហ្គោស្លាវី និងស៊ែបប៊ីទៀតផង។
តើការចាត់វិធានការច្បាប់ប្រឆាំងនឹងគណបក្សនយោបាយនិងមេដឹកនាំក្បត់ជាតិទាំងនេះគឺបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលកម្ពុជាមាននៅពេលនេះស្លាប់បាត់បង់ជីវិត?
ហើយតើអ្នកដែលសម្លាប់លទ្ធិប្រជាធិបតេយ្យគឺជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលខិតខំសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងខិតខំកសាងជាតិពីតាំងពីឆ្នាំ ១៩៧៩រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះឬ? តើឳពុកដែលជួយសង្គ្រោះកូនពីសេចក្តីស្លាប់យ៉ាងលំបាកលំបិនបំផុត និងចិញ្ចឹមបានរីកចម្រើនធំធាត់រហូតមកទល់ពេលនេះ បែរជាលើកដៃសម្លាប់កូនខ្លួនឯងទៅវិញកើតរឺ? ពិតជាមិនអាចទៅរួចឡើយ ព្រោះឳពុកម្នាក់នេះបានលះបង់ច្រើនណាស់ ទម្រាំកូនបានប៉ុណ្ណេះ។ បើសិនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពេលនេះស្លាប់មែន នោះអ្នកទទួល ខុសត្រូវពិតប្រាកដគឺមេដឹកនាំ និងអតីតគណបក្សសង្គ្រោះជាតិនេះតែម្តងដែលបានឃុបឃិតជាមួយបរទេសធ្វើ ឃាតលើប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ព្រោះពួកគេច្រណែននឹងប្រជាប្រិយភាព កេរ្តិ៍ឈ្មោះល្អ របស់កម្ពុជាលើឆាកអន្តរជាតិ និងការដឹកនាំប្រទេសរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។
ជនបរទេសមួយចំនួនដែលប្រឆាំងនឹងផលប្រយោជន៍ ពលរដ្ឋកម្ពុជាគឺដោយសារតែច្រណែននឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកសាងកម្ពុជាដែលរីកចម្រើន និងមានតួនាទីសំខាន់ទាំងក្នុងតំបន់ និងលើភិពលោក និងធ្វើជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយ ប្រទេសទាំងអស់។
ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលានា ឆ្នាំ២០១៣ និងឆ្នាំ ២០១៤ កន្លងមកនេះទេ បដិវត្តន៍ហិង្សាមួយត្រូវបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយសង្គ្រាមស៊ីវិល ចលាចលសង្គម និងអសន្តិសុខប្រាកដជាកើតមានឡើងនៅកម្ពុជាដែលបង្កឡើងដោយគណបក្សសង្គ្រោះជាតិ ក្រោមការរៀបចំផែនការពីបរទេសដែលជាចៅហ្វាយរបស់ខ្លួនជាក់ជាមិនខាន។ បើទោះបីជាពួកគេបានបរាជ័យនៅឆ្នាំ ២០១៣ និង ២០១៤ ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិមិនបានបញ្ឈប់សកម្មភាពក្បត់ជាតិ និងប្រជាជន របស់ខ្លួននោះទេ។
ពួកគេនៅបន្តប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដើម្បីឈានទៅដល់សម្រេចផែនការល្មើសរដ្ឋធម្មនុញ្ញនិងច្បាប់បន្តទៀតនៅឆ្នាំ ២០១៨ ខាងមុខ។ ទង្វើរបស់គណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំ របស់បក្សនេះយ៉ាងហោចណាស់ចំនួន ១១៨ នាក់ បានធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរីពហុបក្សគឺជាការធ្វើអំពើបះបោរដើម្បីរំលំរំលើងការគ្រប់គ្រងរដ្ឋដោយមិនឆ្លងកាត់តាមការបោះឆ្នោតនិង តាមគោលការណ៍ប្រជាធិបតេយ្យ។ មាត្រា ១ និងមាត្រា ៧៦ និងមាត្រា ៩២ (ថ្មី) នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងមាត្រានៃច្បាប់ផ្សេងទៀតបានចែងយ៉ាងច្បាស់នូវបែបបទនៃការឡើងកាន់អំណាចដឹកនាំប្រទេស គឺតាមរយៈការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ និងការផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលដោយរដ្ឋសភា។ ការឡើងកាន់អំណាចដោយមិនឆ្លងកាត់តាមរយៈការបោះឆ្នោត រួមទាំងការឡើងកាន់អំណាច ដោយប្រើកម្លាំងមហាជន គឺជារដ្ឋប្រហារអំណាច និងជាអំពើល្មើសនឹងមាត្រា ៦ ថ្មីនៃច្បាប់ស្តីពីគណបក្ស នយោបាយ និងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣នៃព្រះរាជាណាចក្រកម្ពុជា។
ឥឡូវ យើងឃើញច្បាស់ហើយថាបក្សសង្គ្រោះជាតិបានប្រព្រឹត្តិខុសរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីគណបក្សនយោបាយយ៉ាងធ្ងន់ធ្ងរ។ តើប្រទេសណាមួយដែលមិនចាត់វិធានការប្រឆាំងនឹងអំពើក្បត់ជាតិ រំលោភរដ្ឋធម្មនុញ្ញដូច្នេះរាប់ទាំងប្រទេសរបស់ជនបរទេសមួយចំនួន ដែលកំពុងបន្តការវាយប្រហារទាំងទទឹងទិសមកលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា និងជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណៈអចិន្ត្រៃយ៍ រួមនឹងសមាជិកគណៈកម្មាធិការនាយកបក្សនេះមិនឱ្យធ្វើនយោបាយ ៥ ឆ្នាំ គឺជាភាពចាំបាច់ និងអាទិភាពបំផុត ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រកបដោយនីតិរដ្ឋ លុបបំបាត់អនាធិបតេយ្យ ការពារសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ក្រោយគណបក្សក្បត់ជាតិរលាយទៅ មិនមែនគ្រាន់តែមិនស្លាប់ទេ ថែមទាំងបាននិងកំពុងដំណើរការលើផ្លូវដ៏ត្រឹមត្រូវ និងមានសុខភាពល្អថែមទៀតផង៕
ដោយ៖ ចៅចាក់ស្មុក