(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរចំពោះនិស្សិតស្ត្រីខ្មែរឥស្លាមកម្ពុជា ចំនួន១៦នាក់ ដែលបានបញ្ចប់វគ្គបណ្តោះបណ្តាលហ្វឹកហាត់ការងារ ផ្នែកមីក្រូហិរញ្ញវត្ថុបែបឥស្លាមដោយជោគជ័យ និងបានត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី ម៉ាន ណាវី ក្នុងតំណាង លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញទទួលដំណើរមកដល់ ក៏ដូចជាចូលរួមអបអរសាទរចំពោះប្អូនៗ ដែលបានបញ្ចប់ការសិក្សារយៈពេល៤៩ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ប្រកបដោយជោគជ័យហើយត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមបំពេញការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែបឥស្លាមដំបូងគេនៅកម្ពុជា ជាសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ ដែលមានឈ្មោះថា Amana Ikhtiar Microfinance ដែលគ្រោងនឹងដំណើរការនាដើមឆ្នាំ២០១៨ ខាងមុខនេះ។
តាមការបញ្ជាក់ពី លោក សុះ សេន ប្រធានគម្រោងរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលជាភាគីដៃគូម្ចាស់ផ្ទះ បានឲ្យដឹងថា តាមការគ្រោង គឺគ្រឹះស្ថានមួយនេះ នឹងចាមផ្តើមដំណើរការនៅកម្ពុជា ពីដើមឆ្នាំ២០១៨ទៅ ដោយសិក្ខាកាមទាំង១៦រូបនេះ គឺជាបុគ្គលិកស្ថាបនិកដំបូងគេ នឹងត្រូវជ្រើសឲ្យបំពេញការងារប្រចាំការ ហើយពេលនេះផងដែរ អ្នកទាំង១៦រូបនឹងចាប់ ផ្តើមស្វែងរកអតិថិជនជាក់ស្តែងជាបណ្តើៗ។
តាមការបញ្ជាក់បន្ថែមរបស់ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី តាមពិតនេះជាគម្រោងផ្តល់ប្រាក់ឥណទានបែបអង្គការ ដែលមិនរកប្រាក់ចំណូល ហើយគ្រឹះស្ថាននេះ ផ្តល់អទ្ធិភាពដល់អតិថិជនដែលជាស្រ្តី សំដៅលើជនក្រីក្រ ដែលខ្វះខាតដើមទុនដើម្បីពង្រីកមុខរបរ ឲ្យកាន់តែប្រសើរឡើង ដែលភាគច្រើន គឺជាប្រភេទអាជីវកម្មខ្នាតតូចតែប៉ុណ្ណោះ ដែលគ្រឹះស្ថានមានគម្រោងផ្តល់ជូន ពី៥០០ដុល្លា ដល់១ម៉ឺនដុល្លាតែប៉ុណ្ណោះ។ លក្ខណៈពិសេសនៃការផ្តល់ឥណទានបែបនេះ គឺមិនត្រូវបានគិតការប្រាក់នោះទេ តែជំនួសដោយកម្រៃសេវាកម្មកម្រិតទាបបំផុត។
គួររម្លឹកផងដែរថា Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ដោយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា អូស្មាន ហាស្សាន់៕