(ព្រះសីហនុ)៖ គ្រោះអគ្គិភ័យដែលបានកើតឡើងនៅរោងចក្រទឹកកក ក្នុងភូមិចុងអូរ ឃុំសំរ៉ុង ស្រុកព្រៃនប់ នាវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្ដាលមកពីគ្រោះរន្ទះបាញ់ត្រូវចំខ្សែភ្លើង រួចឆ្លងចរន្ដអគ្គសនីបង្កជាអគ្គិភ័យតែម្ដង ហើយក៏បន្ដរាលដាលដល់ស៊ីទែនស្ដុកប្រេង និងអគារ។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីនេះរថយន្តពន្លត់អគ្គីភ័យ៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ មួយគ្រឿង និងរបស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង ចេញអន្តរាគមន៍ពន្លត់ ហើយបានរលត់ទាំងស្រុង នៅវេលាម៉ោង០២៖៥៥នាទីថ្ងៃដដែល ដោយប្រើប្រាស់ទឹកអស់៥ឡាន ក្នុងនោះទឹកលាយសាប៊ូ ៤ឡាន។
ម្ចាស់រោងចក្រផលិតទឹកកកឈ្មោះ ជា ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានភ្លៀងធ្លាក់ ហើយមានរន្ទះបាញ់ត្រូវចំខ្សែភ្លើង រួចឆ្លងចរន្តអគ្គិសនីមកធុងហ្គាស់ចំនួន២ បណ្តាលឲ្យផ្ទុះឆេះរាលដាលតែម្តង។
សម្ភារខូចខាតរួមមាន ឡាន១គ្រឿងចំណុះ២តោនកន្លះ, ទូរដាក់កុងទ័រភ្លើងចំនួន៨, ឆេះដំបូលរោងចក្រអស់ប្រហែល៣០ភាគរយ, លុយចំនួនជាង៣០លានរៀល និងប្រេងម៉ាសូតប្រមាណ៣,០០០លីត្រ ដែលគិតជាទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារ៕