(សៀមរាប)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា២០១៦-២០១៧ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ នៅក្រុងសៀមរាប ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសមានសុខសន្តិភាព សិស្សានុសិស្សមានឱកាសច្រើនណាស់ ទាំងការសិក្សា និងការងារ ស្របពេលប្រទេសជាតិមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះបើគ្មានស្ថេរភាព សន្តិភាព ពលរដ្ឋកម្ពុជាទាំងអស់ក៏គ្មានឱកាសអ្វី ហើយប្រជាជនក៏មិនអាចរស់នៅសុខសាន្តនោះទេ។
បើតាមលោក ហ៊ុន ម៉ាណែត សមិទ្ធិផលដែលទទួលបានថ្ងៃនេះ គឺជាសមិទ្ធិផលមួយជីវិតព្រោះនេះ ជាការរួមគ្នាបង្កើតសមិទ្ធិផលសម្រាប់ប្រទេសជាតិ ចូលរួមបង្កើតឱកាស បង្កើតសមត្ថភាព និងសក្តានុពលរបស់សិស្សានុសិស្ស ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងទទួលខុសត្រូវលើខ្លួនឯង និងគ្រួសារ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងសូមសម្តែងមោទនភាពជាមួយក្រុមគ្រួសារ និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យក្នុងការសិក្សា សិស្សានុសិស្សជំនាន់នេះមានការវិវឌ្ឍល្អទាំងផ្នែកកាយសម្បទា និងសតិបញ្ញាបានល្អប្រសើរ។
លោកបន្ថែមថា ប្អូនៗដែលទទួលលទ្ធផលថ្ងៃនេះ គឺជាមោទនភាព និងគុណភាពដែលនេះ គឺជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានទាំងគុណភាព និងបរិមាណ និងជាការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស។ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវសិទ្ធិសម្រេចចិត្តដោយខ្លួនឯង ទាំងក្នុងការសិក្សា និងក្នុងជីវិត ព្រោះនេះគឺជាដំណាក់កាលបំបែកផ្លូវនៅក្នុងជីវិត។
ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសនៅក្នុងការរៀនសូត្រ សូមអរគុណលោកគ្រូ អ្នកគ្រូ អាណាព្យាបាលដែលបានចំណាយពេលវេលា និងកម្លាំញើសឈាមបង្ហាត់បង្រៀន និងចិញ្ចឹមបីបាច់ថែរក្សាក្មួយៗ ក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋ និងធនធានល្អសម្រាប់ប្រទេសជាតិ៕