(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ប៉ុស្ដិ៍សុខភាពមួយខ្នង ដល់ភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាប៉ុស្តិ៍សុខភាពនេះ។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមវត្តមានលោក អ៊ី សុខឃី ប្រធានក្រុមការងារឃុំពានរោង និងលោក លឹម សុខារស្មី អនុប្រធានទី១ ឃុំពានរោងស្រុកស្វាយអន្ទរ និងមានការចូលរួមពី លោក អ៊ីម សយ ប្រធានបក្សស្រុក, លោក ធួន ថុល ការិយាល័យពេទ្យ ប្រតិបត្តិស្រុក, ក្រុមប្រឹក្សាឃុំ, លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
ប៉ុស្តិ៍សុខភាពនោះ មានទំហំ១០ម៉ែត្រ គុណ១២ម៉ែត្រ ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង តាមរយៈនាយឧត្តមសេនីយ៍ នេត សាវឿន និងទទួលសាងសងដោយលោកឧកញ៉ា ហុង ឆាយ សប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈលោក អ៊ី សុខឃី ប្រធានក្រុមការងារឃុំពានរោង។
នាឱកាសនោះលោកប្រធានក្រុមការងារ ក៏បានជូន និងប្រគេនថវិកាដល់ ព្រះសង្ឃ២អង្គ ក្នុង១អង្គបច្ច័យ៥០,០០០រៀល និងស្លាដក១, ប្រគេនវត្តសេរី និងជូនតាជី-យាយជី ៥០នាក់ម្នាក់ៗថវិកា១០,០០០រៀល ប៊ីចេង១កញ្ចប់ និងម្សៅស៊ុប១កញ្ចប់៕