(កំពត)៖ លោក ចាន់ ចេស្តា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពត បានទទួលអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ក្នុងដំណែងចំនួន៧ស្រុក និង១ក្រុងទូទាំងខេត្តសរុបចំនួន ៤៤រូប គិតត្រឹមរសៀលថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៧នេះ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៤៤រូប ខាងលើ ក្នុងនោះ រួមមាន៖ ក្រុមប្រឹក្សាស្រុក៤នាក់ មេឃុំ៦នាក់ ជំទប់ទី១ចំនួន៣នាក់ ជំទប់ទី២ ចំនួន៨នាក់ និងក្រុមប្រឹក្សាឃុំ២៣នាក់ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
នៅក្នុងពិធីប្រកាសបញ្ចូលអតីតមន្រ្តីបក្សប្រឆាំងទាំងនេះ លោក ចាន់ ចេស្តា បានថ្លែងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូន ដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល។ ដូច្នេះក្នុងចំណោមសមាជិកថ្មីទាំងអស់សរុប៤៤រូបខាងលើ ដែលមានដំណែងក្នុងជួរក្រុមប្រឹក្សា ស្រុក ឃុំសង្កាត់ទូទាំងខេត្តកំពត គណៈកម្មាធិកាបក្សខេត្ត នឹងរៀបចំផ្តល់តួនាទីជូនវិញ៕