(ភ្នំពេញ)៖ សមាគមពលរដ្ឋខ្មែរទាំង៧ ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានសម្តែងការគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបានវាយតម្លៃថា នេះជាចំណាត់ការអនុវត្តច្បាប់ក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងការធានាឲ្យកម្ពុជា បន្តដំណើររបស់ខ្លួននៅលើផ្លូវប្រជាធិបតេយ្យ លើក្របខ័ណ្ឌនៃការគោរពច្បាប់ ដើម្បីធានារក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ប្រជាជន និងសង្គមកម្ពូជា។
នៅក្នុងញត្តិគាំទ្ររបស់ សមាគមពលរដ្ឋខ្មែរទាំង៧ ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។
សមាគមពលរដ្ឋខ្មែរទាំង៧ ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ក៏បានបង្ហាញការគំាទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។
ក្រោយមានសាលដីកាសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឱ្យសកម្មជនគណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សដទៃ ឬបង្កើតគណបក្សនយោបាយ។ ប្រសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕