(ភ្នំពេញ)៖ ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ-កម្មការិនី ជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយប្រទេសទទួលពលករខ្មែរ ដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ជូនពួកគេ ក្នុងនោះមានកិច្ចការធំៗ៤ចំណុច។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ កំពុងធ្វើការងារធំៗចំនួន៤ចំណុច ជាមួយប្រទេសទទួលពលករខ្មែរ ដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនពលករខ្មែរ ក្នុងនោះរួមមាន៖
កិច្ចការទី១៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិភាក្សាជាមួយប្រទេសទទួលពលករ ដើម្បីរៀបចំយន្តការទទួលស្គាល់ជំនាញរបស់ពលករខ្មែរ នៅពេលពួកគាត់ត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ ហើយកិច្ចការនេះ កម្ពុជាកំពុងចាប់ផ្ដើមធ្វើការជាមួយប្រទេសថៃ ដើម្បីទទួលស្គាល់អំពីជំនាញផ្នែកសំណង់ ដូចជា៖ ការរៀបឥដ្ឋ បូកជញ្ជាំង តបណ្ដាញអគ្គិសនីជាដើម។
ត្រង់ចំណុចនេះ សម្ដេចតេជោបានពន្យល់ថា ក្រោយពេលពលករខ្មែរធ្វើការងារផ្នែកសំណង់នៅប្រទេសថៃ ពលករខ្មែរប្រាកដជាមានជំនាញច្បាស់លាស់ ដូច្នេះនៅពេលពលករត្រឡប់មកកម្ពុជាវិញ ពួកគាត់អាចរកការងារធ្វើបានយ៉ាងងាយស្រួល តាមរយៈជំនាញរបស់ខ្លួនដែលចេះស្រាប់ ហើយមានការទទួលស្គាល់ជំនាញពីប្រទេសថៃថែមទៀត។
កិច្ចការទី២៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយបណ្ដាប្រទេសអាស៊ាន និងប្រទេសទទួលពលករខ្មែរ ក្នុងការផ្លាស់ប្ដូរទិន្នន័យផ្នែកធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងសុខភាពដល់ពលករស្របច្បាប់ទាំងអស់ ដើម្បីផ្ទេរប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងសុខភាព ទៅឲ្យក្រុមគ្រួសារពលករនៅស្រុកកំណើត នៅពេលពលករសាម៉ីជួបគ្រោះថ្នាក់ការងារ ឬរហូតដល់បាត់បង់ជីវិតក្នុងពេលបំពេញការងារ ដែលបច្ចុប្បន្នកម្ពុជាកំពុងធ្វើការងារនេះ ជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ។
ចំណុចថ្មីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើការងារនេះជាមួយប្រទេស ដែលទទួលពលករ ទាំងក្នុងក្របខណ្ឌអាស៊ាន និងនៅប្រទេសដទៃ គឺដើម្បីឲ្យប្រទេសទាំងនោះ បញ្ជូនប្រាក់ធានារ៉ាប់រងមកឲ្យគ្រួសាររបស់ពលករខ្មែរ នៅពេលពលករសាម៉ីជួបបញ្ហាគ្រោះថ្នាក់ការងារ មានបញ្ហាសុខភាព ឬរហូតដល់បាត់ជីវិត។
កិច្ចការទី៣៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិក្សាជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីទទួលស្គាល់អាទិភាពការងារ និងការបង់វិភាគទានចូលក្នុងបេឡាជាតិរបបសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ នៅពេលចប់កិច្ចសន្យាការងារ និងដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។
ចំណុចនេះទៀតសោតសម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើទៅពលករដែលកំពុងធ្វើការនៅប្រទេសថៃ និងប្រទេសដទៃទៀតថា អតីតភាពការងាររបស់ពួកគេនៅក្រៅប្រទេស ក៏ត្រូវយកមកគិតនៅក្នុងស្រុកដែរ ដើម្បីជាមូលដ្ឋានគិតប្រាក់សោធននិវត្តន៍ ពោលរយៈពេលធ្វើការទាំងនៅក្រៅប្រទេស និងក្នុងប្រទេសត្រូវបូកចូលគ្នាទាំងអស់។
និងកិច្ចការទី៤៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិភាក្សាជាមួយប្រទេសទទួលពលករ ដើម្បីអនុញ្ញាតឲ្យពលករដែលធ្វើការងារនៅក្រៅប្រទេស ផ្ទេរសិទ្ធិជូនក្រុមគ្រួសារនៅក្នុងប្រទេស ធ្វើជាតំណាងសម្រាប់ស្នើសុំធ្វើលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន (លើកលែងការបោះឆ្នោត) ដោយមិនចាំបាច់ឲ្យសាម៉ីខ្លួនវិលត្រឡប់មកស្រុកកំណើតផ្ទាល់ខ្លួនឡើយ ដែលការងារនេះកម្ពុជាកំពុងអនុវត្តជាមួយកូរ៉េខាងត្បូង។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចការទាំងនេះហើយ ជាការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំសម្រួលជូនពលករពីមិនស្របច្បាប់មកជាស្របច្បាប់ ខិតខំចរចាជាមួយភាគីថៃ ដើម្បីឲ្យពលករខ្មែរស្របច្បាប់ទទួលបានអត្ថប្រយោជន៍ដូចទៅនឹងពលករថៃដែរ បន្ថែមពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ខិតខំធ្វើសមាហរណកម្មការងារនៅក្នុងស្រុក ដើម្បីធ្វើយ៉ាងណាឲ្យពលករខ្មែរដែលត្រលប់កម្ពុជាវិញមានការងារល្អធ្វើ។
សូមជម្រាបថា ពលករ-ពលការិនី និងកម្មសិក្សាការីខ្មែរ ដែលកំពុងបម្រើការនៅក្រៅប្រទេសមានចំនួន១លាន៥ម៉ឺននាក់ ក្នុងនោះពលករខ្មែរនៅប្រទេសថៃមានជាង១លាននាក់ ក្រៅនេះមាននៅប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហើយនាពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនពលកររបស់ខ្លួនបន្ថែមទៅតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់មជ្ឈិមបូព៌ាជាដើម៕