(ក្រចេះ)៖ អតីតចៅសង្កាត់ចំនួន២រូប និងសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៤រូប របស់គណបក្សសង្រ្គោះជាតិ សរុប៤នាក់ នៅក្នុងក្រុងក្រចេះ ស្រុកស្នួល និងស្រុកសំបូរ ខេត្តក្រចេះ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក យិន វណ្ណះ អភិបាលក្រុងក្រចេះ និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងក្រចេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អតីតចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាទាំង៤រូប រួមមាន៖
ទី១៖ លោក ឈឺន រិទ្ធ អាយុ៤៤ឆ្នាំ ជាអតីតចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ
ទី២៖ លោក តោ ចាន់ណា អាយុ៤៨ឆ្នាំ ជាអតីតចៅសង្កាត់ក្រគរ
ទី៣៖ លោក ស៊ុម ហៃ អាយុ៥៧ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល
ទី៤៖ លោក ស៊ឹម ឌីម អាយុ៦៤ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរឬស្សី។ ដោយឡែក២នាក់ទី១៖ លោក ខ្លឹម ពៅ អាយុ៤០ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំស្នួល ស្រុកស្នួល និងទី២៖ លោក អ៊ុង ស៊ិន អាយុ៧២ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំកំពង់ចាម ស្រុកសំបូរ។
ខាងក្រោមនេះគឺជាលិខិតសុំចុះចូល របស់អតីតចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិទាំង៦រូប៖