(ភ្នំពេញ)៖ នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈធម្មយាត្រាដឹកនាំដោយព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា បាននាំមន្ត្រីសង្ឃ និងពុទ្ធបរស័ទ្ធ បាននិមន្តត្រឡប់ពីដង្ហែអង្គកឋិនទានទៅកាន់វត្តទាំង៨ នៅដែនដីពុទ្ធភូមិ នៃប្រទេសឥណ្ឌា និងនេប៉ាល់នាពេលកន្លងទៅនោះ បានមកដល់មាតុភូមិវិញហើយ ប្រកបដោយព្រះសុវត្ថិភាព និងដោយជោគជ័យយ៉ាងធំធេង។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញព្រះមហា តែម ម៉ាច បានមានថេរដិកាអំពាវនាវដល់ពុទ្ធបរិស័ទ្ឋចូលរួមបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តខ្មែរលុម្ពិនី ភូមិលុម្ពិនី ស្រុករូបប៉ិនដេល្លី ភាគខាងត្បូង នៃប្រទេសនេប៉ាល់ តាមសទ្ធាជ្រះថ្លា ឲ្យបានច្រើនកុះករ និងទទួលបានកុសលផលបុណ្យនេះ។
ជាមួយគ្នានេះព្រះមហា តែម ម៉ាច ក៏បាលថ្វាយកុសលផលបុណ្យជូន សម្តេចព្រះសង្ឃរាជទាំង២គណៈ ថ្វាយព្រះពរដល់ព្រះករុណា និងជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលផលបុណ្យ នៃអង្គកឋិនសូមមានសុខភាពល្អ និងប្រាថ្នាអ្វីៗសូមសម្រេចបានក្តីប្រាថ្នា។
ព្រះអង្គមហា តែម ម៉ាច បានមានថេរដិកាបញ្ជាក់ថា ក្នុងដំណើរធម្មយាត្រាដង្ហែអង្គកឋិនទានវេរប្រគេន បច្ច័យដល់វត្តទាំង៨រួចមក ពុទ្ធបរិស័ទដោយក្តីជ្រះថ្លាសប្បាយនៃផលបុណ្យនេះ ព្រះអង្គនិងពុទ្ឋបរិស័ទញាតិញោម ក៏បាននិមន្ត និងបន្តដំណើរ ទស្សនាវត្តទាំង៨ ក្នុងការបំពេញបុណ្យ។
គួររំលឹកដែរថា កម្មវិធីបុណ្យប្រារព្ឋធ្វើ៤ថ្ងៃ ៣យប់ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ ១២-១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភៈ គ.ស២០១៨។
ក្នុងការរៀបចំបុណ្យបញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតីពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនផងដែរ។
ដូច្នេះបើពុទ្ធបរិស័ទមានបំណងចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមាជាប្រវត្តិសាស្ត្រលើទឹកដី ពុទ្ធភូមិ កន្លែងព្រអង្គប្រសូត្រ សូមនិមន្ត អញ្ជើញចុះព្រះនាម ចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងចេញដំណើរពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ 017293059 និងលេខ 017474742 ៕