(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានវិបត្តិនយោបាយនោះឡើយ ហើយការំលាយគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តន៍ច្បាប់របស់កម្ពុជាសុទ្ធសាធមិនជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយនោះ។ ក្នុងន័យនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្នើសុំបរទេសទាំងឡាយកុំជ្រៀតជ្រែក ការអនុវត្តន៍ច្បាប់របស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសចេញពីភ្លើងសង្រ្គាម និងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសសល់ពីភ្នក់ភ្លើងសង្រ្គាមជិត៣ទសវត្សរ៍រូបនេះ បានថ្លែងថា កម្ពុជា មិនមានវិបត្តិនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ហើយកម្ពុជា គ្មានអ្នកទោសនយោបាយនោះឡើយ គឺមានតែអ្នកនយោបាយដែលបានជាប់ទោសព្រហ្មទណ្ឌ។
«ប្រទេសរបស់យើងមិនមានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយជួបវិបត្តិខ្លួនឯងតែប៉ុណ្ណោះ ប្រទេសរបស់យើងគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌប៉ុណ្ណោះ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀត ប្រទេសដែលមានវិបត្តិនយោបាយ គឺប្រទេសនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាប្រទេសហ្ស៊ីមបាវ៉េ ដែលកំពុងមានរដ្ឋប្រហារទម្លាក់ប្រធានាធិបតី។ សម្រាប់កម្ពុជាវិញ គឺមានស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋខ្មែរដើរហើរគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនមានបញ្ហាអ្វីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអះអាងផងដែរ ការរំលាយគណបក្សសង្រ្គោះជាតិដោយអំណាចតុលាការកំពូលក្រោមបទចោទថាបានប្រព្រឹត្តទង្វើក្បត់ជាតិនោះ គឺជាការអនុវត្តន៍ច្បាប់របស់កម្ពុជាសុទ្ធសាធ មិនមែនជារឿងនយោបាយនោះឡើយ។ ក្នុងន័យនេះសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យមិត្តភក្តិបរទេស និងសហគមន៍អន្តរជាតិកុំជ្រៀតជ្រែកការអនុវត្តន៍ច្បាប់របស់កម្ពុជា។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «សូមផ្តាំទៅអ្នកការទូតមួយចំនួនឲ្យមើលអង្គហេតុ និងអង្គច្បាប់ពិតប្រាកដ។ រឿងនេះមិនមែនជារឿងនយោបាយនោះទេ គឺរឿងច្បាប់សុទ្ធសាធ»។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងដែរថា វាជាសំណាងមួយដែលបានរកឃើញទង្វើទុច្ចរិតដ៏ពិសពុលរបស់គណបក្សសង្រ្គោះជាតិ ហើយអាចទប់ស្កាត់ទាន់ពេលវេលាម បើមិនដូច្នោះអាចនឹងភាពវឹកវរសម្រាប់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រទេសកម្ពុជា បានឆ្លងកាត់ភាពខ្ទេចខ្ទាំ និងការខ្លោចផ្សាច្រើនដំណាក់កាលមកហើយ ដែលទាមទារឲ្យរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕