(កំពត)៖ មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំចំនួន១១រូបទៀតហើយ នៅស្រុកកំពង់ត្រាច ខេត្តកំពត មានអតីតភាពជាសមាជិកគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលទើបរំលាយចោលនោះ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកទទួលបានការផ្តល់ឱកាសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំទាំង១១រូបនេះ បានដាក់លិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈឧបនាយរដ្ឋមន្រ្តី ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំទាំង ១១រូបនេះ បានថ្លែងថា ការដែលពួកគេចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែពួកគេបានមើលឃើញពីគុណធម៌ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងមានការសណ្តោសប្រណៃដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ សូម្បីតែពួកគេជាអតីតសមាជិកគណបក្សសង្រ្គោះជាតិ ក៏សម្តេចបានសណ្តោសប្រណៃផងដែរ។
មេឃុំ ជំទប់ និងក្រុមប្រឹក្សាទាំង១១រូបនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំនោះ ពួកលោក នឹងប្រឹងប្រែងជួយដល់សម្តេចតេជោ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
មេឃុំ ជំទប់ និងក្រុមប្រឹក្សាទាំង ១១រូបនេះ ក៏បានបង្ហាញការខកចិត្ត និងសោកស្តាយផងដែរ ចំពោះលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃទៀត ដែលបានប្រព្រឹត្តទង្វើក្បត់ជាតិ រហូតដល់បក្សត្រូវរំលាយចោល។
មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ រួមមាន៖ លោក សៅ មន់ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច, លោក ប៊ុន ចេង សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង, លោក ប៉ិន ផាត ជំទប់ទី២ ឃុំអង្គសុភី ស្រុកកំពង់ត្រាច, លោក ពៅ ផាន សមាជិកក្រុមប្រឹក្សាឃុំអង្គសុភី ស្រុកកំពង់ត្រាច, លោក ង៉ែត ឡោះ សមាជិកក្រុមប្រឹក្សាឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច, លោក ពៅ លៀម សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច, លោក សំ សារុន ជំទប់ទី២ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច, លោក ខៀវ បេន ជំទប់ទី១ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច, លោក ស្រី អាន់ មេឃុំសាលាខាងជើង ស្រុកកំពង់ត្រាច, លោក ពៅ លៀម សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច និងលោក ទោម កែ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺភ្លាមៗបន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយចោល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺមានពេលវេលាច្រើនជាង ១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។
ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ទិញដូរណាមួយនោះទេ គ្រាន់តែជាការផ្តល់ឱកាសឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ។ សូមបញ្ជាក់ដែរថា រាល់អតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺនៅតែរក្សាទុកតួនាទីរបស់ពួកគាត់ឲ្យបម្រើប្រជាពលរដ្ឋដដែល។
ក្រោយប្រកាសស្វាគមន៍ និងទុកពេលក្នុងការចូលរួមជីវភាពនយោបាយ និងចូលរួមការបម្រើប្រជាពលរដ្ឋនេះ គេសង្កេតឃើញថា សមាជិកអតីតគណបក្សសង្រ្គោះជាតិជាច្រើនរូបហើយ បានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស៕