(ម៉ានីល, ហ្វីលីពីន)៖ * លោកស្រី Aung San Suu Kyi ក្លាយជា «ផ្កាស្រពោន»!

កេរ្តិ៍ឈ្មោះ «ដ៏ក្រអូប» របស់លោកស្រី Aung San Suu Kyi មួយទសវត្សរ៍ចុងក្រោយនេះ បានក្លាយជា «ផ្កាស្រពោន» នៅឯកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន កាលពីដើមសបា្តហ៍កន្លងទៅនេះ ដោយសារតែបញ្ហាជម្លោះផៃ្ទក្នុង ប្រទេសរបស់លោកស្រី បានក្លាយជាផ្ទាំងស៊ីប នៃការជជែកយ៉ាងវីវក់ក្នុងចំណោម មេដឹកនាំអាស៊ាន និងជាមួយដៃគូប្រទេសមហាអំណាចធំៗ រួមទាំងអាមេរិក និងចិនផងដែរ។

បញ្ហាដែលនាំទុក្ខកង្វល់ដល់គេនោះ គឺជោគវាសនាជនជាតិរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ ដែលកំពុងភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដេស។ រូបភាពរបស់លោកស្រី Suu Kyi លែងជាការទាក់ទាញក្នុងន័យល្អ សម្រាប់អ្នកសារព័ត៌មានទៀតហើយ នៅឯកិច្ចប្រជុំ ប៉ុន្តែក៏មានតួអង្គថ្មីលេចចេញមកជំនួស។ តើជានរណាទៅ?


* នាយករដ្ឋមន្រ្តីកាណាដា ក្លាយជា «តារារះថ្មី» ប្រជែងជាមួយប្រធានាធិបតីអាមេរិក!

លោក Justin Trudeau នាយករដ្ឋមន្រ្តីវ័យកេ្មងរបស់កាណាដា បានធ្វើឱ្យពលរដ្ឋហ្វីលីពីនរំជួលចិត្ត បន្ទាប់ពីលោកចុះពីយន្តហោះឈានជើងចូលទឹកដីហ្វីលីពីនភ្លាម លោក Justin បានសុំឱ្យអ្នកបើកឡានឈប់តាមផ្លូវចូលទិញអាហារសម្រន់ ដោយចំណាយអស់តែជាង១០ដុល្លារប៉ុណ្ណោះ ធ្វើឱ្យគេផ្អើលពេញហាង។ ដោយសារភាពរស់រាយ សាមញ្ញ កេ្មង និងសង្ហារនោះហើយ បានធ្វើឱ្យនារីហ្វីលីពីនរាប់ម៉ឺននាក់លង់សេ្នហ៍ និងសរសើរមិនដាច់ពីមាត់ ហើយអ្នកដែលបានឃើញ និងមានឱកាសទៅកែ្បរបាននាំគ្នាចោមរោមសុំថតរូប Selfie ជាមួយ ដូចស្រមោចរោមស្ក ជាពិសេសនារីៗរួមទាំងអ្នកកាសែតស្រីៗផង។

ក្នុងឆាកនយោបាយលោក Justin មានថ្វីមាត់មិនចាញ់អតីតប្រធានាធិបតីអាមេរិក Barack Obama ប៉ុន្មានឡើយ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលគាត់ចាប់ដៃជាមួយ Trump គាត់បានត្រៀមយុទ្ធសាស្រ្តមួយទុកមិនឱ្យ Trump ប្រើស្ទីលចាប់ហើយទាញគាត់ចូលបានឡើយ។ Trump និង Justin ក៏បានធ្វើឱ្យគេភ្ញាក់ផ្អើលមិនតិចដែរ នៅពេលអ្នកទាំងពីរ មិនដឹងរបៀបចាប់ដៃខ្វែងគ្នាតាមបែបអាស៊ាន ជាពិសេស Trump ដែលយកដៃទាំងពីររបស់គាត់ចាប់ដៃឆេ្វង របស់នាយករដ្ឋមន្រ្តីវៀតណាម ធ្វើឱ្យដៃស្តាំរបស់លោក Duterte ជាប្រធាន និងម្ចាស់ផ្ទះ អត់មានស្អីចាប់ ហើយពេលនោះមេដឹកនាំដែលឈរលើឆាកទាំងអស់ ត្រូវដាច់ជាពីរកំណាត់អស់មួយសន្ទុះ ទម្រាំធ្វើត្រូវឡើងវិញ។


* ស្ទីលចាប់ដៃរបស់ Trump

ចាប់តាំងពី Trump ចូលកាន់ដំណែងមក មេដឹកនាំពិភពលោកជាច្រើន បានចាប់ផ្តើមប្រយ័ត្នប្រយែងចំពោះស្ទីលចាប់ដៃ «បែបរំលោភ» របស់គាត់ ដែលតែងតែចាប់ហើយ រួចទាញកន្រ្តាក់មកខ្លួនគាត់។ ជាក់សែ្តងនៅឯកិច្ចប្រជុំ នាយករដ្ឋមន្រ្តីកាណាដា បានប្រើដៃស្តាំចាប់ជាមួយ Trump ហើយប្រើដៃឆ្វេងម្ខាងទៀតទប់នឹង Trump ដើម្បីកុំឱ្យគាត់ទាញកន្រ្តាក់ចូលបាន។

រាប់ទសវត្សរ៍មកហើយ ប្រធានាធិបតីអាមេរិកតែងមានរឿងអាស្រូវ ឬទម្លាប់ប្លែកៗខុសពីគ្នា ជាក់សែ្តងអតីតប្រធានាធិបតី George Bush (ឪពុក) ត្រូវបាននារីអាមេរិកយ៉ាងតិច ៥នាក់ហើយ បានប្តឹងអំពីករណីដែលគាត់បាន «ស្ទាបកំប៉េះគូទនារីៗនៅពេលឈរថតរូបជាមួយ»។ តាមការសន្និដ្ឋាន ប៊ូសប្រហែលគិតថា គាត់អាចកេងចំណេញបានយ៉ាងងាយ ពីព្រោះនារីៗអាចមិនប្រកាន់ ឬភេ្លចខ្លួននៅពេលគេសប្បាយឈរថតរូបជាមួយគាត់។ នាពេលថ្មីៗនេះ ប៊ូស ដែលចូលដល់វ័យ៩៣ឆ្នាំ បានសុំទោសចំពោះកំហុសឆ្គងរបស់គាត់
(បើនៅកេ្មងប្រហែលជាធ្វើទៀត!)។


* នាយករដ្ឋមន្រ្តីកម្ពុជា «បោះដុំទឹកកក» ទៅឱ្យ Trump !

មានមនុស្សតិចណាស់ដែលអាចជឿថា នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ានឆក់យកឱកាសនៅឯកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយបានលើកយកបរិបទស្រុកខែ្មរ ទៅដាក់លើតុប្រជុំ ជាពិសេសទៅកាន់ Trump ដោយផ្ទាល់។ មានសំណួរជាច្រើនបានសួរថា តើ Trump មានប្រតិកម្មយ៉ាងណា? ខ្ញុំសូមសាកល្បងពន្យល់ថា ជាទម្លាប់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជាមួយដៃគូ លើកលែងប្រជុំចង្អៀត (Retreat) មេដឹកនាំគ្រប់រូប មានសិទ្ធិធ្វើបទអន្តរាគមន៍ដោយការអានជាលាយលក្ខណ៍អក្សរ ឬនិយាយផ្ទាល់មាត់ពីមេដឹកនាំម្នាក់ទៅម្នាក់ទៀត ដោយមិនមានការឆ្លើយឆ្លង ឬឆ្លើយតបឡើយ លើកលែងមានករណីពិសេសបំផុត។

ត្រង់ចំណុចនេះ គេសួរទៀតថា ចុះបើ Trump ឆ្លើយតបវិញ នោះវាទៅជាយ៉ាងណា? មានការសន្និដ្ឋានលើទិដ្ឋភាពបី៖ ១៖ Trump អាចសមែ្តងការមិនសប្បាយចិត្ត ២៖ Trump គិតថាបញ្ហាផៃ្ទក្នុងរបស់កម្ពុជា មិនសំខាន់សម្រាប់គាត់ និង ៣៖ គាត់ភ្ញាក់ផ្អើល និងមិនដឹងទាល់តែសោះនូវអ្វីដែលមេដឹកនាំកម្ពុជាបានលើកឡើង។ ក្នុងករណីទីបី តើគាត់ត្រូវប្រតិកម្ម និងសន្យាថា នឹងពិនិត្យឡើងវិញភ្លាម ឬត្រូវនៅស្ងៀមដើម្បីកុំឱ្យកម្ពុជាដឹងថា គាត់មិនបានដឹងថា មន្រ្តីថ្នាក់ក្រោមរបស់គាត់ធ្វើអ្វី? ខុសឬហួសនយោបាយថ្មីរបស់គាត់?។ ទោះជាយ៉ាងណាក៏ដោយ ការសន្និដ្ឋានខាងលើអាចថា ខុសទាំងស្រុងក៏ថាបាន ពីព្រោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅចំពោះមុខ Trump អ្នកខ្លះយល់ថា ជា «ដុំទឹកកកត្រជាក់» ឯខ្លះទៀតគិតថាជា «ដុំទឹកកកក្តៅ»។


* ជម្លោះដែនទឹក

សមុទ្រចិនខាងត្បូង ដែលធ្លាប់តែជាកម្មវត្ថុនៃជម្លោះតឹងសរសៃកដាក់គ្នារាប់ឆ្នាំមកហើយ ជាពិសេសនៅរាល់កិច្ចប្រជុំអាស៊ាន ដែលមានវៀតណាម និងហ្វីលីពីនតែងនាំមុខ ឬអាមេរិក និងជប៉ុន ឬអូស្រ្តាលីនាំមុខនៅពេលមានកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ASEAN Regional Forum) និងប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit)។

ប្រធានបទខាងលើត្រូវបានធ្លាក់មកលេខរៀងទី៣ បន្ទាប់ពីរឿងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហានៅមីយ៉ាន់ម៉ា។ រឿងជម្លោះដែនកោះមួយនេះតែងឈរនៅលំដាប់ទី១ ឬទី២ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១២មក។ មានការភ្ញាក់ផ្អើលមួយគឺ អាមេរិកដែលតែងជាបងធំជួយស្រែកពីចម្ងាយជួយវៀតណាម ហ្វីលីពីន និងប្រទេស ដែលកំពុងមានជម្លោះជាមួយចិន បែរជាប្រធានាធិបតីថ្មី Donald Trump ព្រលយពាក្យថា គាត់អាចជួយជា «មេអណ្តើក» សម្រាប់ភាគីនៃជម្លោះទៅវិញ។

បន្ទាប់ពីឮពាក្យនេះភ្លាម ប្រទេសចំនួន៤ ដែលឈ្លោះជាមួយចិន (វៀតណាម ហ្វីលីពីន ម៉ាឡាស៊ី និងប្រ៊ុយណេ) ស្ទើរដាច់ផ្ងារ។ ត្រង់ចំណុចនេះ ត្រូវបានគេវាយតមៃ្លថា Trump បានត្រូវថ្នាំសណ្តំរបស់ចិនដែលបានសន្យាចំណាយលុយ២៥០ពាន់លានដុល្លារ ដើម្បីទិញយន្តហោះពីអាមេរិក ក្នុងអំឡុងពេលដែល Trump បំពេញទស្សនកិច្ចនៅចិន នៅមុនពេលមកដល់វៀតណាម និងហ្វីលីពីន។ Trump ត្រូវបានគេទទួលស្គាល់ថាជាមេអណ្តើកដ៏ជំនាញលើ «ជម្លោះ និងជំនួញ»។


* វៀតណាមរាំចាក់ក្បាច់ជាមួយអាមេរិក!

វៀតណាមពិតជាថ្លើមធំមិនធម្មតា ដោយហ៊ានចំណាយលុយ១២ពាន់លានដុល្លារ (ស្មើថវិកាជាតិខែ្មរដល់ទៅ២ដង) ដើម្បីបញ្ជាទិញយន្តហោះពីអាមេរិក។ នយោបាយរបស់វៀតណាម ត្រូវបានគេយល់ថា វៀតណាមអាច «ម៉ិដឹងបេះដូង» របស់ Trump។ នេះមានន័យថា ដើម្បីចង់បានទំនាក់ទំនងល្អជាមួយអាមេរិក ឬខ្ចីដៃអាមេរិកប្រើដើម្បីទប់ជាមួយចិន ក្នុងរដ្ឋការ Trump នាពេលនេះ គឺពុំចាំបាច់និយាយ ឬបរិយាយអ្វីវែងឆ្ងាយក្រៅពីដោះដូរ ឬធ្វើជំនួញជាមួយគាត់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាហ៊ានអះអាងថា ក្នុងបរិបទនយោបាយពិភពលោកសព្វថៃ្ងនេះ មិនដឹងថា វៀតណាមខ្ចីដៃអាមេរិក ឬអាមេរិកទៅវិញទេ ដែលជាអ្នកខ្ចីដៃវៀតណាម?


* Duterte ចំណេញកប់ក្តោង!

ប្រធានាធិបតីហ្វីលីពីន លោក Duterte ឆ្លៀតវាយចិនមួយដៃ នៅប្រទេសវៀតណាម នៅឯកិច្ចប្រជុំ APEC ពីរថៃ្ងមុនប្រជុំនៅហ្វីលីពីន តាមរយៈការឡាំប៉ារឿងចិនបន្តរំលោភបំពាន ដោយការពង្រាយសំណង់ យោធាកាន់តែច្រើនឡើងៗនៅតំបន់ដែនជម្លោះ «សមុទ្រចិនខាងត្បូង»។ ជាការឆ្លើយតប ប្រធានាធិបតីចិន Xi Jinping បានប្រើវិធីរបៀបជាប្តី ដោះសារជាមួយប្រពន្ធថា «អត់ទេ អត់បានធើអីទេ»។

បន្ទាប់ពីស្តាប់សម្តីតបបែបត្រជាក់របស់ចិន Duterte ក៏ចាប់ផ្តើមលួងចិនបន្តិចវិញ ដើម្បីឱ្យធ្លាក់លុយ ដោយនិយាយថា «កុំបារម្ភអី ខ្ញុំមិនលើកបញ្ហានេះនៅប្រទេសខ្ញុំ ដែលជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននោះទេ តែយ៉ាងច្រើនអាចបើកឱកាសឱ្យប្រទេសដទៃ បើគេមានយោបល់»។

ចាប់តាំងពី Duterte ចូលកាន់អំណាចមក ហ្វីលីពីនបានទទួលជំនួយយ៉ាងសម្បើមពីចិន ហើយរដ្ឋាភិបាលមួយនេះកំពុងតែសម្រុកបន្តយកជំនួយពីចិន លើគម្រោងស្ពាន និងថ្នល់ខ្វាត់ខ្វែងស្ទើរទូទាំងប្រទេស ជាពិសេសជំនួយបន្ថែមទៀត នៅពេលដែលខ្លួនធ្វើម្ចាស់ផ្ទះអាស៊ាន មានទាំងអាមេរិក ជប៉ុន ចិន និងប្រទេសផ្សេងៗទៀត ធ្វើឱ្យហ្វីលីពីនចំណេញកប់ក្តោង។ នេះប្រហែលជា Duterte លេងស្ទីលដូច Trump ដែរ គឺ «Philippines First»។


* Trump រងការរិះគន់នៅហ្វីលីពីន!

ស្របពេលជាមួយនឹងការទន្ទឹងរង់ចាំមើលការមកដល់របស់ Trump ជាលើកដំបូងមកកាន់ប្រទេសហ្វីលីពីន ពលរដ្ឋមួយចំនួននៃប្រទេសដែលសម្បូរដោយកោះមួយនេះ បានសម្តែងការមិនសប្បាយចិត្តនៅពេលឃើញ Trump សរសេរឈ្មោះប្រទេសហ្វីលីពីនខុសនៅលើ twitter របស់គាត់ (Phillipines) ពាក្យដែលត្រូវ (Philippines) ។ នៅពេលដែល Trump ចុះដល់លើទឹកដីនេះភ្លាម ទាហានសកម្មប្រយុទ្ធរបស់ហ្វីលីពីនចំនួនប្រហែល២០០នាក់ បានលើកបដាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់គាត់ ដោយចោទគាត់ថា ជាជន «ប្រកាន់ពូជសាសន៍ ជាមេហ្វាស៊ីសរបស់ចក្រពត្តិអាមេរិក និងជាសត្រូវរបស់ប្រជាជនពិភពលោកដែលត្រូវគេគាបសង្កត់»។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរមកកាន់៥ប្រទេស នៅអាស៊ី ក្នុងរយៈពេល១២ថៃ្ង Trump បានស្វែងរកផលចំណេញផ្នែកពាណិជកម្មរហូតដល់៣០០ពាន់លានដុល្លារ៕

ដោយ៖ ពុយ គា