(ឧត្តរមានជ័យ)៖ លោក ស ថាវី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះថា រយៈពេល២ថ្ងៃនេះ ខាងអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ បានរុះរើ និងបានស្នើសុំឲ្យជួយរុះរើស្លាកនយោបាយជាង២០០ស្លាកហើយ ដោយរុះរើសតាមដងផ្លូវតាមផ្លូវសាធារណៈនានា ក្នុងខេត្ត ស្រុក ឃុំ សង្កាត់ និងរហូតដល់ភូមិ។
លោកបានបញ្ជាក់ថា ចំពោះស្ថានភាពគ្មានការតាងតឹងទេ គឺមានស្លានភាពធម្មតា ព្រោះដល់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករយើង ប្រសិនជាមានហេតុការណ៍ណាមួយកើតឡើងនោះ យើងមានកម្លាំងត្រៀមជាស្រេច សំរាប់ការទប់ស្កាត់ហេតុការណ៍ទាំងអស់នោះ។
ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយ ព្រមទាំងបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយតុលាការកំពូលចេញដីកានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងៀមស្ងាត់ ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕