(បន្ទាយមានជ័យ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យមន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពល ចុះទៅពិនិត្យជាក់ស្តែងចំពោះ សកម្មភាពវាយថ្មភ្នំកងវ៉ា​ ទាំងបំពានច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃច័ន្ទស្អែកនេះ លោកនឹងសរសេរលិខិតមួយច្បាប់ទៅឲ្យអាជ្ញាធរខេត្ត ដើម្បីឲ្យបញ្ឈប់សកម្មភាពទាំងនេះភ្លាម បន្ទាប់ពីលិខិតទី១របស់លោក កាលពីពេលកន្លងទៅ គ្មានប្រសិទ្ធិភាពនោះឡើយ។

សូមបញ្ជាក់ថា ភ្នំកងវ៉ា ដែលមានទីតាំងស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុងរងនូវការបំផ្លាញយ៉ាងខ្លាំង និងទៅថ្ងៃខាងមុខទៀត អាចលែងមានវត្តមានភ្នំនេះតទៅទៀតហើយ ដោយសារតែក្រុមឈ្មួញ បានធ្វើអាជីវកម្មជីកយកថ្មជារៀងរាល់ថ្ងៃតែម្តង។

មន្រ្តីសាលាខេត្តតូចតាច ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News ថា រាល់ថ្ងៃភ្នំកងវ៉ា ត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រ ទៅជីកបំផ្លាញរាល់ថ្ងៃ ដោយគ្មានច្បាប់ទម្លាប់នោះទេ ខណៈដែលខាងក្រសួងរ៉ែ និងថាមពល ធ្លាប់បានចេញលិខិតឲ្យបញ្ឈប់ធ្វើអាជីវកម្ម ជីកថ្ម ពីភ្នំទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោករដ្ឋមន្រ្តី ស៊ុយ សែម បានឲ្យដឹងថា កាលពីពេលកន្លងទៅ លោកបានចេញលិខិតមួយច្បាប់ ផ្ញើជូនអាជ្ញាធរ និងមន្ទីររ៉ែ និងថាមពល មិនអនុញ្ញាតឲ្យមានអាជីវកម្ម ឬសកម្មភាពទាំងឡាយចំពោះការជីកថ្ម នៅតាមភ្នំទាំងអស់ ទូទាំងខេត្តបន្ទាយមានជ័យ ប៉ុន្តែលិខិតរបស់លោកគ្មានប្រសិទ្ធិនោះឡើយ ពោលសកម្មភាពនេះ នៅតែបន្តកើតឡើងជាដដែលៗ ហាមមិនស្តាប់ទេ។

លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរ សកម្មភាពជីកយកថ្មនៅភ្នំកងវ៉ានេះ បានកើតឡើងតាំងពីមីនា ឆ្នាំ២០១៧មកម្ល៉េះ ដោយខាងអាជ្ញាធរបានឆ្លើយថា ការជីកយកថ្មនេះ ដើម្បីយកទៅធ្វើផ្លូវទៅវិញ។ ជាមួយគ្នានេះ លោក ស៊ុយ សែម ក៏បានទទួលស្គាល់ថា លោកមិនដឹងធ្វើយ៉ាងម៉េចទៀតនោះទេ បើសិនលិខិតទី២ របស់លោកដែលគ្រោងដាក់ជូនអាជ្ញាធរ ឲ្យបញ្ឈប់សកម្មភាពទាំងនេះ ពីព្រោះនៅពេលនេះ ពួកគេ (ខេត្ត) មានភាពស្វយ័តទៅហើយនោះ។

មន្រ្តីសាលាខេត្ត បានលួចបង្ហើបទៀតថា អ្នកនៅពីក្រោយ និងជាម្ចាស់អាជីវកម្មខាងលើនេះ គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅសាលាខេត្តបន្ទាយមានជ័យតែម្តង ខណៈដែលមន្ទីររ៉ែ និងថាមពល ក៏មិនហ៊ានទៅហាមឃាត់នោះទេ។

មន្រ្តីដដែលបានបន្តទៀតថា ការធ្វើអាជីវកម្មខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណខាងលើនេះ បានធ្វើឲ្យខូចខាតចំណូលពន្ធចូលរដ្ឋយ៉ាងច្រើន ដូច្នេះរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល គួរតែមានវិធានការឲ្យតឹងរឹងជាបំផុតផង ហើយបើតែនៅតែបន្តសកម្មភាពបែបនេះ នោះវត្តមានភ្នំកងវ៉ា តាំងពីដូនតាមក លែងមានវត្តមានតទៅទៀតហើយ។

យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនោះឡើយ នៅថ្ងៃនេះ៕