(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ព្រោះការកាត់ជំនួយរបស់អាមេរិកមិនប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ផ្ទុយទៅវិញជាការសម្លាប់ក្រុមអង្គការសង្គមស៊ីវិល ដែលបម្រើបន្ទាត់នយោបាយអាមេរិក។
នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសមាជិកសភាអាមេរិក ដែលបានព្រមានដាក់ទណ្ឌកម្មលើកម្ពុជា ដោយការផ្តាច់ជំនួយសម្រាប់ដំណើរការ បោះឆ្នោត ឬមិនទទួលស្គាល់ការបោះឆ្នោតនាឆ្នាំ២០១៨ជាដើមនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំស្វាគមន៍ណាស់ ស្វាគមន៍អាមេរិកកាត់ជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមស្វាគមន៍តែម្តង។ បានសេចក្តីថា អ្នកឯង [អាមេរិក] និយាយពីលទ្ធិប្រជាធិបតេយ្យ ហើយអ្នកឯងកាត់ជំនួយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទន្ទឹមនឹងផ្តួលខ្ញុំមិនដួលហើយ អ្នកឯងបានរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យុះអាមេរិកឲ្យកាត់ជំនួយឲ្យអស់ពីកម្ពុជាផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ សម្តេចបានតបអាមេរិកថា កម្ពុជា មិនអាចព្រោះតែជំនួយបរទេសបន្តិចបន្តួច ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះ «យកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្តង ព្រោះកាត់ទៅវាងាប់ NGOs (អង្គការសង្គមស៊ីវិល) នៅក្នុងស្រុកទាំងអស់ទៅសម្លាប់កូនខ្លួនឯងតែម្តង [...]។ មិនអាចឱក្បាលធ្វើឲ្យបាត់ឯករាជ្យ អធិបតេយ្យជាតិ គ្រាន់តែចង់បានជំនួយបន្តិចបន្តួចនោះទេ»៕