(កំពង់ចាម)៖ ក្រុមនិស្សិតជាង២០០នាក់ នៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទទួលវគ្គបណ្តុះបណ្តាលចំណេះដឹងថ្មី ពីក្រុមមគ្គុទេសរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល (One Academy) ដែលបានរៀបចំធ្វើឡើងរយៈពេលមួយថ្ងៃ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ។
លោក ឈុំ សុខនៅ ជាវិគ្មិន នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល (One Academy) បានថ្លែងឲ្យដឹងថា សិក្ខាសាលាក្នុងរយៈពេលមួយថ្ងៃនេះ គឺផ្តោតទៅលើវិធីសាស្ត្រ ទ្រឹស្តី និងការអនុវត្តដែលអ្នកជំនួញ ភាគច្រើននៅជុំវិញពិភពលោកបានប្រើ ហើយចំណេះដឹងនេះ វានិងជួយឲ្យនិស្សិតមានភាពប៉ិនប្រសប់លើការប្រើឧបករណ៍ និងជំនាញផ្សេងៗ ដើម្បីទទួលផលចំណែញពីការជួញដូរ លើទីផ្សារហិរញ្ញវត្ថុនានា។
លើសពីនេះទៅទៀត ការចែករំលែកនេះ និងបញ្ជ្រៀបទៅលើចំណេះដឹង ដែលគួរឲ្យចាប់អារម្មណ៍មួយ ក្នុងចំណោមទ្រព្យសម្បត្តិ ដែលពេញនិយមបំផុតលើទីផ្សារហិរញ្ញវត្ថុ ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺរូបបិយប័ណ្ណឌីជីថល (Crypto Currency)។
លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ មានប្រធានបទ៤សំខាន់ៗ ដូចជា ប្រភេទទ្រព្យសម្បត្តិ, ប្រភេទទីផ្សារហិរញ្ញវត្ថុ, ប្រភេទនៃការវិភាគ និងឧបករណ៍ហិរញ្ញវត្ថុ។
ការរៀបចំឲ្យមានសិក្ខាសាលានេះឡើង ក្នុងគោលបំណង ឲ្យនិស្សិតទាំងអស់ ទទួលចំណេះដឹងថ្មីៗ ឈានទៅដល់ក្លាយជាអ្នកវិនិយោគដែលមានចំណេះដឹង និងការវៃឆ្លាត សម្រាប់អនាគតរបស់ពួកគេ និងការអភិវឌ្ឍន ប្រទេសជាតិផងដែរ៕