(កំពង់ស្ពឺ)៖ ជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានមេក្លោងម្នាក់ឈ្មោះ ខ្លឹង ដែលពួកគេបានបង្កការអុកឡុកអ្នកភូមិ បង្កការភ័យខ្លាចពេលនេះ បង្ក្រាបបានហើយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចភូមិស្រែអំបឹល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយអភិបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងចម្រុះរួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបញ្ជាការដ្ឋានកាំភ្លើងធំ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង១៤នាក់នោះរួមមាន ទី១៖ឈ្មោះ ចឹក សាវី អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ សុន សើ អាយុ៣៨ឆ្នាំ, ទី៣៖ឈ្មោះ ចឹក សារុន អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ តុប ចាន់ អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ណែម ចំរុង អាយុ២១ឆ្នាំ, ទី៦៖ឈ្មោះ ប៉ុក សម្ភស្ស អាយុ២៦ឆ្នាំ, ទី៧៖ឈ្មោះ កន សាន្ត អាយុ៣២ឆ្នាំ, ទី៨៖ឈ្មោះ ថឿង ភី អាយុ៣៧ឆ្នាំ, ទី៩៖ឈ្មោះ ប៉ាក នឿន អាយុ៤៧ឆ្នាំ, ទី១០៖ឈ្មោះ ចឹក សាវិន អាយុ២៣ឆ្នាំ, ទី១១៖ឈ្មោះ ហួន នួន អាយុ៣៨ឆ្នាំ, ទី១២៖ឈ្មោះ ហេង ទុំ អាយុ២៩ឆ្នាំ, ទី១៣៖ឈ្មោះ អឿន សឿន អាយុ៣០ឆ្នាំ និងមេក្លោងម្នាក់។
សមត្ថកិច្ចដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចកដកហូតបាន កាំភ្លើងចំនួន០២ដើម អាកា47 កាត់ស្វាយ០១ដើម គ្រាប់០៨គ្រាប់ បង់០១ និងម៉ាកកាំភ្លើងរ៉ូឡូ ០១ដើម គ្រាប់ចំនួន០៧គ្រាប់, ដាវចំនួន០៧ដើម, ម៉ូតូ០៤គ្រឿង, គ្រឿងញៀន០២កញ្ចប់, រថយន្ត០១គ្រឿង និងសម្ភារៈមួយចំនួនទៀងផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕