(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាល ខេត្តសៀមរាប បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំខេត្តសៀមរាប ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅ នៅឯមណ្ឌលសុខភាព ល្វាគ្រាំង ស្រុកប្រតិបត្តិអង្គរជុំ បានចំនួន ៧១២នាក់ នាថ្ងៃ១៥រោច ខែកក្ដិក ឆ្នាំវក នព្វស័ក, ព.ស ២៥៦១ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
ក្នុងការចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ទាល់នាថ្ងៃនេះ គឺដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប, លោក ប្រាក់ សោភ័ណ្ណ ប្រធានស្ដីទី ស.ស.យ.ក ប្រចាំខេត្តសៀមរាប, និងលោក ភូ សំអាត អភិបាលស្រុកវ៉ារិន, លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមនិងវត្តមានថ្នាក់ដឹកនាំ/មន្ត្រី នៃក្រុមការងារ នៅអង្គភាពទាំងពីរនេះ ហើយនិងអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ/បុគ្គលិក នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ផងដែរ ដែលក្នុងនោះ មានក្រុមគ្រូពេទ្យសរុប ៣៨រូប ។
បើតាមរបាយការណ៍ពីក្រុមការងារ ដែលបានចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ បានប្រាប់ឲ្យអង្គភាព Fresh News នៅរសៀលថ្ងៃនេះ ថា ការពិនិត្យ និងព្យាបាល ក្នុងរយៈពេលពេញមួយថ្ងៃនេះ គឺមានប្រជាពលរដ្ឋ មកទទួលសេវាបានចំនួន ៧១២នាក់ ដែលក្នុងនោះ គឺមានកុមារ ចំនួន ១៧៤នាក់ និងការពិនិត្យភ្នែក ផ្ដល់វ៉ែនតា បានចំនួន ១៦៩នាក់ ហើយក្នុងនោះសម្រាប់ជម្ងឺទូទៅបានចំនួន ៣៦៩នាក់ ។
នៅព្រឹកនេះផងដែរ លោក ប្រាក់ សោភ័ណ្ណ ប្រធានស្ដីទី ស.ស.យ.ក ខេត្តសៀមរាប បានប្រគល់ថវិការ ចំនួនប៉ែតសិបម៉ឺនរៀល ជូនស្រ្ដី ២រូប ដែលបានសម្រាលបុត្រ នៅក្នុងមណ្ឌលសុខភាពនេះ ក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៤០ម៉ឺនរៀល ។ ហើយខាងមន្ទីរសុខាភិបាលខេត្ត បានប្រគល់សម្លៀកបំពាក់ ចំនួន ១២ការ៉ុង ដែលជាអំណោយរបស់សប្បុរសពីបរទេស យកទៅជូនលោកអភិបាលស្រុក ដើម្បីចែកជូនប្រជាពលរដ្ឋ ផងដែរ ។ ក្រៅពីនោះ ក្រុមការងារស្ម័គ្រចិត្ត ក៏បានប្រគល់នូវឱសថ និងសម្ភារៈថែទាំសុខភាព រួមនិងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកុមារ ដែលបានមកពិនិត្យ និងព្យាបាលជម្ងឺ នាថ្ងៃនេះ ផងដែរ ៕