(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅកោះពេជ្រនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់កម្មការិនី ឲ្យពិចារណាឲ្យបានច្បាស់លាស់មុននឹងជ្រើសរើសស្វាមី។ សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា មនុស្សស្រីជ្រើសរើសប្តីខុសម្តងស្មើនិងខុសមួយជីវិត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបុរសខ្លះព្រោះតែដណ្តឹងកូនអ្នកជំនួញមិនបាន ក៏ទៅដណ្តឹងកម្មការិនី ហើយបន្ទាប់មកធ្វើបាបភរិយាស្រេចតែចិត្ត។ ដូច្នេះសម្តេចស្នើកម្មការិនី ពិនិត្យឲ្យបានល្អិតល្អន់មុនយកស្វាមី ព្រោះកម្មការិនីបច្ចុប្បន្ន ក៏មានមានសមត្ថភាពធ្វើការរកប្រាក់ចូលផ្ទះបានច្រើនផងដែរ។
សម្តេចបានរិះគន់ស្វាមីខ្លះ ដើរផឹកដើរស៊ីមិនគិតពីភរិយា ហើយចូលដល់ផ្ទះប្រើហិង្សាលើភរិយាថែមទៀត។
ក្នុងន័យលើកកម្ពស់តម្លៃរបស់កម្មការិនីនោះ សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងការងារផលិតបទចម្រៀងរៀបរាប់ពីសម្រស់របស់កម្មការិនី ហើយក៏លើកទឹកចិត្តឲ្យមានការប្រលងបវរកញ្ញាកម្មការិនីជារៀងរាល់ឆ្នាំផងដែរ៕