(កំពង់ស្ពឺ)៖ កម្មករ និងកម្មការិនីជិត៨ពាន់នាក់​ នៅរោងចក្រវីងស្តារស៊ូរ ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៩០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនកម្មករ និងកម្មការិនី នៅរោងចក្រវីងស្តារស៊ូរ ដោយឥតគិតថ្លៃ​ចំនួន៧២៧៨នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺស្រ្តី៥១៤នាក់, ជំងឺផ្លូវចិត្ត១១៣នាក់, ជំងឺឫសដូងបាត២១៦នាក់, ជំងឺសន្លាក់ឆ្អឹង១៩៨នាក់, ជំងឺរលាកសួត២០៤នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២៣៦នាក់, ជំងឺភ្នែក១១៣នាក់, ជំងឺសើរស្បែក៩៨នាក់, ជំងឺទឹកនោមផ្អែម២១៦នាក់, ជំងឺមាត់ធ្មេញ១៣៤នាក់, អេកូសាស្ត្រ១៦៩នាក់ និងជំងឺទូទៅ៥៤៩៥នាក់ និងព្យាបាលរបួស និងវះកាត់តូច៤១នាក់។

ពលរដ្ឋភាគច្រើនដែលអញ្ជើញមកទទួលថ្នាំ និងពិនិត្យជំងឺដោយឥតគិតថ្លៃ បានទទូចឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រប្រចាំខេត្តកំពង់ស្ពឺ ឧស្សាហ៍ចុះមកតំបន់គាត់រស់នៅឲ្យបានញឹកញាប់។

អ្នកស្រី សែម គីមលី មានអាការៈធ្លាក់ស បានលើកឡើងថា នេះជាលើកទី១ហើយ សម្រាប់រូបគាត់ ហើយដែលមកទទួលថ្នាំ និងពិនិត្យជំងឺដោយឥតគិតថ្លៃ៖ «ខ្ញុំមានអារម្មណ៍ត្រេកអរមែនទែន ដែលគេចុះមកចែកថ្នាំដោយឥតគិតថ្លៃ ព្រោះបានជួយដល់ការចំណាយរបស់កម្មករ»

លោកស្រី គីមលី បានអះអាងឲ្យដឹងថា នៅរៀងរាល់ខែគាត់ទទួលបាន ប្រាក់ចំណូលពីវិស័យកាត់ដេរប្រមាណជាជាង២០០ដុល្លារ។

ចំណែកពលរដ្ឋម្នាក់ទៀតលោក អន់ ដាលីន រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺកំពុងមានជំងឺក្រពះ បានបង្ហាញអារម្មណ៍រីករាយបន្ទាប់ពីគាត់ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ៖ «ខ្ញុំត្រេកអរណាស់ចង់ឲ្យក្រុមគ្រូពេទ្យ មកឲ្យបានញឹកញាប់ថែមទៀត»

សូមបញ្ជាក់ថារយៈពេល៥៩ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,០៧៥នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣១លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៥២,១៣៦នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕