(កំពត)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ នៅស្រុកឈូក ចំនួន៩រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
ក្រោយពីបានទទួលស្វាគមន៍រួចហើយ គណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានបំពេញឯកសារជូនមេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ CNRP បានចំនួន០៩នាក់ រួមមាន៖
ទី១៖ លោក អ៊ុយ សៅសាត មេឃុំសត្វពង
ទី២៖ លោក វ៉ាង វ៉ាត ជំទប់ទី២ ឃុំតាកែន
ទី៣៖ លោកស្រី សំរិត សយ ក្រុមប្រឹក្សឃុំល្បើក
ទី៤៖ លោក អួន ត្រេន មេឃុំត្រមែង
ទី៥៖ លោក អ៊ឹម អេង ជំទប់ទី១ ឃុំត្រមែង
ទី៦៖ លោក មិន វណ្ណះ ជំទប់ទី២ ឃុំនារាយណ៍
ទី៧៖ លោក ពៅ ថា សមាជិកក្រុមប្រឹក្សាឃុំសត្វពង
ទី៨៖ លោកស្រី កែវ ចាន់ឌឿន ក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង
ទី៩៖លោក អ៊ិន សំអូន មេឃុំក្រាំងស្នាយ។
គួររំលឹកផងដែរថា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាអភិបាលខេត្ត លោក ចាន់ ចេស្តា បានស្វាគមន៍សមាជិកថ្មី មកពីគណបក្សសង្គ្រោះជាតិ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តដែលធ្វើឡើងកាលពីម្សិលមិញ។
លោក ចាន់ ចេស្តា បានថ្លែងថា «នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ដែលបានមករួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល។ ដូច្នេះក្នុងចំណោមសមាជិកថ្មីទាំងអស់ ដែលមានដំណែងក្នុងជួរក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តកំពត គណៈកម្មាធិកាបក្សខេត្ត នឹងរៀបចំផ្តល់តួនាទីជូនវិញ»។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រាប់ខេត្តកំពត អតីតសមាជិកសមាជិកា មកពីគណបក្សសង្គ្រោះជាតិចំនួន៣៥រូប មកបណ្តាក្រុងស្រុកទូទាំងខេត្ត បានសុំចូលរួមរស់ជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន៕