(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំមហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំលើកទី០៦ របស់សមាគម និងពិធីសម្ភោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នសមាគម មានសមាជិកប្រមាណ១៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនប្រកប អាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនលក់សម្ភារៈបរិក្ខា ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈសំណង ក្រុមហ៊ុនធ្វើពីសោធន៍ដី និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។
លោកបានបន្ដទៀតថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនខ្លះ ជាសាខាក្រុមហ៊ុនរបស់បរទេស មកពីប្រទេសចិន ជប៉ុន កូរ៉េ ថៃ សឹង្ហបុរី ស៊ុយអ៊ែត ស្វីស...ល។
លោកបានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំសមាគមតែងតែរៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យសមាជិកសមាគមទាំងអស់ ព្រមទាំងក្រុមហ៊ុននៅក្នុងស្រុក និងបរទេស ដែលកំពុងមានធុរកិច្ច លើវិស័យសំណង់ទាំងអស់នៅកម្ពុជា មានឱកាសបានដាក់តាំងបង្ហាញ និងលក់ផលិផលដូចជាសម្ភារៈ ឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទ មិនតែប៉ុណ្ណោះក៏មានបង្ហាញ និងលក់ផ្ទះសម្បែង និងការបង្ហាញពីបច្ចេកវិទ្យាសាងសង់ទំនើបៗមានស្ដង់ដារត្រឹមត្រូវ ដូចជាការតម្លើងប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាំមេរ៉ា និងសេវាកម្មជាច្រើនទៀត។
លោកបន្ថែមថា ចំពោះឆ្នាំ២០១៧នេះ មានក្រុមហ៊ុនក្នុងស្រុក និងបរទេសជាច្រើនសរុបប្រមាណ១៦៨ក្រុមហ៊ុន មានស្ដង់ប្រមាណ៣០០ស្ដង់ បានដាក់តាំងបង្ហាញ និងលក់ផលិតផល និងសេវាកម្មដែលពាក់ព័ន្ធ នឹងវិស័យសំណងជាច្រើនប្រភេទផ្សេងៗទៀត ដែលនាំចូលពីបណ្ដាលប្រទេសជាច្រើន លើពិភពលោកសរុប៦០០ប្រភេទ។ ដោយឡែកនៅក្នុងឆ្នាំ២០១៨ ឆ្នាំក្រោយ សមាគមបានគ្រោង រៀបចំកម្មវិធីមហាសន្និបាតបូកសរុបការងារ និងពិធតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជាលើកទី៧ នៅថ្ងៃទី២៩ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨៕