(ភ្នំពេញ)៖ កញ្ញា នី មុនីនាថ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានធ្វើលិខិតមួយច្បាប់ ទៅប្រធានសមាគមសិល្បករខ្មែររបស់នាង ចន ច័ន្ទលក្ខិណា ដើម្បីស្នើសុំឲ្យជួយផ្តល់មេធាវីការពារក្តីមួយរូប ក្នុងករណីបណ្តឹងរបស់អតីតគូដណ្តឹងលោក អ៊ឹង សូឡាង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទឆកបោកលុយ និងរំលោភលើសេចក្តីទុកចិត្ត។
នៅក្នុងពាក្យស្នើសុំរបស់តារាស្រីកញ្ញា នី មុនីនាថ បានលើកឡើងដោយសំអាងថាការស្នើសុំនេះ ក៏ព្រោះតែនាងពុំសូវយល់ដឹងពីបញ្ហាច្បាប់ និងនិតិវិធីរបស់តុលាការ ដូច្នេះនាងត្រូវការមេធាវីមួយរូប ដើម្បីការពារក្តីនិងផលប្រយោជន៍ស្របច្បាប់នៅក្នុងសំណុំរឿងនេះ។
កញ្ញា នី មុនីនាថ ដែលត្រូវបានមហាជនស្គាល់តាមរយៈការគ្រងតំណែងជាតួឯកស្ទើរគ្រប់រឿង ក៏បានបញ្ជាក់នៅលើលិខិតនោះដែរថា ការដាក់ពាក្យបណ្តឹងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពីសំណាក់លោក អ៊ឹង សូឡាង ដែលត្រូវជាអតីតគូដណ្តឹងរបស់ខ្លួននោះ គឺអយុត្តិធម៌បំផុតចំពោះនាង។
សូមបញ្ជាក់ថា តារាស្រីកញ្ញា នី មុនីនាថ ត្រូវបានចៅក្រមឈ្មោះ អ៊ុក សុវណ្ណារិទ្ធ ចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនាវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នៅបន្ទប់គ១ ជាន់ទី៣ លើករណីបណ្តឹងអតីតគូដណ្តឹងលោក អ៊ឹង សូឡាង។
ផ្អែកតាមពាក្យបណ្តឹងរបស់លោក អ៊ឹង សូឡាង គឺបានប្តឹងទាមទារសំណងសរុបមានចំនួន ១២ម៉ឺនដុល្លារ ពីកញ្ញា នី មុនីនាថ។ដោយក្នុងនោះលោក អ៊ឹម សូឡាង បានធ្វើការទាមទារឲ្យ នី មុនីនាថ សងប្រាក់ចំនួន ៧០,០០០ដុល្លារ និងសំណងជំងឺចិត្តចំនួន ៥០,០០០ដុល្លារ៕