(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ថា នៅពេលនេះសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីនគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វេីឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា អតីតបុគ្គលិកអាស៊ីសេរី២រូបគឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស៕
រូបភាពខាងក្រោមនេះ អង្គភាព Fresh News ទទួលបានពីសមត្ថកិច្ច៖