(បាត់ដំបង)៖ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ចូលរួមបម្រើប្រជាពលរដ្ឋជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្រោយបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល ខណៈសម្តេចតេជោ ហ៊ុន សែន ពន្យាពេលមួយសប្តាហ៍ទៅពីរសប្តាហ៍។
ការថ្លែងបែបនេះក្នុងឱកាសសំណេះសំណាល និងផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗជាមួយប្រធានបក្សស្រុក ក្រុមប្រឹក្សាឃុំទាំង១០ និងសមាជិកមួយចំនួនទៀត នៅសាលាស្រុកសង្កែ។
លោក ឡោក ហ៊ួរ បានបញ្ជាក់ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍អតីតសមាជិកបក្សសង្រ្គោះជាតិ ដែលមករួមរស់នៅធ្វើការជាមួយគ្នា ដោយមិនដែលប្រកាន់និន្នាការអ្វីឡើយ ទោះជាសមាជិកបក្សក៏អាចមករួមរស់នៅជាមួយ CPP បានគ្រប់និន្នាការនយោបាយ។
លោកបានបន្តថា បើពិតជាមានឆន្ទៈបម្រើរាស្រ្តជាម្ចាស់ឆ្នោតមែន សមាជិក CNRP គួរតែចូលធ្វើការជាមួយគ្នា ទើបមានឱកាសបម្រើរាស្រ្តទាំងអស់គ្នា ព្រោះសមាជិក CNRP គ្មានកំហុសអ្វីទេ គឺមេបក្សទេជាអ្នកមានកំហុសលួចក្បត់ជាតិ មិនឲ្យដឹងរឿងអីស៊ីជម្រៅនោះឡើយ បើបងប្អូនមិនព្រមចូលទេជាសិទ្ធិរបស់ពួកគេ តែសមាជិក CNRP ចង់បម្រើបក្សខ្លួនដែលកំពុងរំលាយចោលទៅហើយនោះ តើមានន័យអ្វីទៀត ព្រមទាំងបានក្បត់ឆន្ទៈរាស្រ្តជាម្ចាស់ឆ្នោតថែមទៀត។
អ្នកតំណាងរាស្រ្តក៏បានធ្វើការផ្តាំផ្ញើដល់សមាជិក្រុមប្រឹក្សាឃុំទាំងអស់ ឲ្យត្រូវចេះរួមសាមគ្គីគ្នាជាមួយអតីតសមាជិកបក្សសង្រ្គោះជាតិ ដែលបានចូលរួមរស់នៅជាមួយគណបក្សប្រជាជន បានបម្រើសេវាជូនប្រជាពលរដ្ឋទាំងអស់គ្នាតទៅបាន រួមសុខរួមទុក្ខជាមួយគ្នា៕