(កោះកុង)៖​ ស្លាកគណបក្សសង្គ្រោះជាតិនៅទូទាំងខេត្តកោះកុងចំនួន ៧០ផ្ទាំងបានទម្លាក់ចុះអស់ហើយ នៅក្នុងប្រតិបត្តិការថ្ងៃដំបូងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោយពីតុលាការកំពូលបានកាត់រំលាយគណបក្សប្រឆាំងមួយនេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ។

ប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះថា បន្ទាប់ពីប្រតិបត្តិការពេញមួយថ្ងៃស្លាកគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកោះកុងចំនួន ៧០ផ្ទាំងបានទម្លាក់ចុះហើយ។

បើតាមលោកស្រី មិថុនា ភូថង បានឲ្យដឹងថា ប្រតិបត្តិការទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិ តាមការណែនាំរបស់ក្រសួងមហាផ្ទៃនេះ មិនមានផ្ទុះបាតុភាពរារាំងណាមួយពីអតីតថ្នាក់ដឹកនាំ ឬសមាជិកគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តនោះឡើយ។

ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយ ព្រមទាំងបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

ក្រោយតុលាការកំពូលចេញដីកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងៀមស្ងាត់ ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕