(ភ្នំពេញ)៖ គិតពេញមួយថ្ងៃ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីអតីតថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុបចំនួន៥២នាក់ របស់គណបក្សសង្គ្រោះជាតិដែលទើបរំលាយ ដែលបានទៅសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។
បើគិតត្រឹមយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប២៦៨នាក់ហើយ ដែលបានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិដែលទើបរលាយ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមលិខិតដែលអង្គភាព Fresh News ទទួលបានពី អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា កាលពីមុនពួកគេនឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីបានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន៕