(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៧នេះ លោក ងួន សុជាតិ និងលោកស្រី សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅក្នុងវត្តធម្មឃោសិតារាម ហៅវត្តស្លែង នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ ធ្វើរបាយការណ៍អំពីការសាងសង់ដោយ បានបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវសម្ភោធ និងដាក់ឲ្យប្រើប្រាស់នៅពេលនេះរួមមាន កុដិ១ខ្នងកម្ពស់មួយជាន់ និងផ្ទាល់ដី មានចំនួន១៦បន្ទប់ និងផ្លូវបេតុងចាប់ពីក្លោងទ្វារចូលក្នុងទីធ្លាវត្តផងដែរ។
លោក ងួន សុជាតិ លើកឡើងថា ការក៏សាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា នេះមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់ និងអភិរក្សជំនឿរបស់ប្រជាពលរដ្ឋមួយវិញទៀតវត្តអារ៉ាមជាកន្លែងបណ្តុះបណ្តាលទាំងចំណេះដឹង និងក្រមសីលធម៌ ហើយទីវត្តអារ៉ាម គឺទីកន្លែងអប់រំផ្លូវចិត្តដ៏ប្រពៃតាមបែបពុទ្ធចក្រ លើសពីនេះទៅទៀត ព្រះពុទ្ធសាសនានេះហើយ គឺជាផ្នែកមួយនៃការថែរក្សាសេចក្តីផ្លូវចិត្តដ៏ប្រពៃ ដោយសាតែព្រះពុទ្ធ សាសនាបានបង្កប់ និងផ្សព្វផ្សាយនូវពុទ្ធឱវាទនៃមាគ៌ាឆ្ពោះទៅកាន់សេចក្តីស្ងប់។ បន្ថែមលើសពីនេះទៅ ទៀតពុទ្ធសាសនា អ្នកថែរក្សាអក្សរសាស្ត្រខ្មែរ និងទំនៀមទំលាប់ប្រពៃណីឲ្យបានគង់វង្សដល់សព្វថ្ងៃ ដែលយើងបានឃើញស្រាប់ហើយ នៃប្រវត្តិសាស្ត្រដែលប្រទេសយើង ស្ថិតនៅក្រោមរបបដ៏ខ្មៅងងឹត គឺ សម័យបនប្រល័យពូជសាសន៍(១៩៧៥-១៩៧៩) ដែលយើងហៅថា សម័យប៉ុលពត អក្សរសាស្រ្តខ្មែរ និងប្រពៃណីស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ ព្រោះត្រូវបង្ខំឲ្យធ្វើការ បំបិទសិទ្ធិសេរីភាព ព្រមទាំងធ្វើការសឹកព្រះសង្ឃទៀតផង។
លោកបន្ថែមថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រគឺពិតជាមានសារ សំខាន់ណាស់ ដូច្នេះការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទ គឺជាការចូលរួម ចំណែកជួយជ្រោមជ្រែង អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ យើងឲ្យគង់វង្សជាដ៏រាប។ ភាពរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យទៅបានដោយសារមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខ រដ្ឋាភិបាលដែលមានសម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ។ ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិតប្រគេននូវបច្ច័យ ១០លានរៀលទុក្ខក៏សាងបន្ត ទៀត និង កាត់ខ្សែបូរណ៌សម្ភោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានាជាផ្លូវការផងដែរ៕