(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានពន្យល់ប្រាប់ក្រុមការងារចុះជួយមូលដ្ឋានថា ការកាត់រំលាយគណបក្សសង្គ្រោះជាតិ (CNRP) របស់តុលាការកំពូលកម្ពុជា មិនមែនជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ តែជាការអនុវត្តតាមច្បាប់ជាធរមាន ការពាររដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
លោក ថោង ខុន ថ្លែងបែបនេះក្នុងឱកាសជួបប្រជុំ ជាមួយក្រុមការងារចុះជួយស្រុកបារាយណ៍ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមប្រមាណជិត ២០០នាក់ ពោលធ្វើឡើងក្រោយតុលាការកំពូល ចេញសេចក្ដីសម្រេចកាត់រំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក៏ស្របពេលដែលក្រសួងមហាផ្ទៃ បានបញ្ជាទៅអាជ្ញាធរមូលដ្ឋានចុះរុះរើស្លាកគណបក្សសង្គ្រោះជាតិផងដែរ។
ថ្លែងពន្យល់ប្រាប់ក្រុមការងារចុះជួយមូលដ្ឋាន លោក ថោង ខុន បានបញ្ជាក់ថា ការដែលតុលាការកំពូលចេញសេចក្ដីសម្រេច កាត់រំលាយគណបក្សសង្គ្រោះជាតិ មិនមែនជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ តែជាការអនុវត្តតាមច្បាប់ជាធរមាន ការពារសន្តិភាពជូនប្រជាពលរដ្ឋ បន្តការអភិវឌ្ឍលើគ្រប់វិស័យបន្តទៅទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។ពិសេស ការពាររដ្ឋធម្មនុញ្ញ នីង ពង្រឹង លិទ្ធប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងបន្តអនុវត្តន៍តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ឯកឧត្តមក៏បានជម្រាបពីសភាពការណ៍នយោបាយថ្មីៗ ប្រាប់ដល់ក្រុមការងារចុះជួយមូលដ្ឋានផងដែរ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានយល់ច្បាស់។
លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមមាន៖
១- ជំរុញអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំសង្កាត់ សំដៅធានាប្រក្រតីភាព និងនិរន្តរភាពការងារ និងការអនុវត្តសាលដីការបស់តុលាការកំពូលស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ ពិសេសតាមដានការរុះរើស្លាកគណបក្សសង្គ្រោះជាតិ។
២- ត្រូវក្ដាប់ឲ្យជាប់នូវសភាពការណ៍ និងសតិអារម្មណ៍នយោបាយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ-ឃុំ។
៣- ត្រូវបន្តជំរុញការចុះធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារបក្ស និងការផ្ទៀងផ្ទាត់ឈ្មោះសមាជិកបក្ស ក្នុងបញ្ជីឈ្មោះបោះឆ្នោត។
៤- ត្រូវពង្រឹងការគ្រប់គ្រង និងកសាងពង្រីកសមាជិកគណបក្សប្រជាជនបន្ថែម។
៥- ត្រូវពង្រឹងកម្លាំងសកម្មជន និងយុវជនភូមិ-ឃុំនៅមូលដ្ឋាន។
លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្ដីទីប្រចាំស្រុកបារាយណ៍ បានលើកឡើងថា មកទល់ពេលនេះ មានអតីតសមាជិកគណបក្សសង្គ្រោះចំនួន ៦នាក់ហើយ បានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកបារាយណ៍ ខេត្តកំពង់ធំ៕