(កំពត)៖ ក្រុមប្រឹក្សាស្រុកកំពង់ត្រាចពីររូប និងជំទប់ទី២ មួយរូបនៅឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានអតីតភាពជាសមាជិកគណបក្សសង្រ្គោះជាតិនោះ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សរបស់ពួកគេត្រូវបានតុលាការរំលាយចោលព្រោះតែការប្រព្រឹត្តទង្វើក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេសធ្វើទង្វើទុច្ចរិតនាំឲ្យបះពាល់ដល់សន្តិសុខ និងស្ថេរភាពសង្គមជាតិ។

អតីតសមាជិករបស់គណបក្សប្រឆាំងដែលត្រូវបានរំលាយចោលនេះរួមមាន៖ ១. លោក ស្រី សុផាន សមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រាច, ២. លោក គង់ សំអឿន សមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងទី៣. លោក កាំង អេង ជំទប់ទី២ឃុំឫស្សីស្រុកខាងកើត។

អតីតសមាជិករបស់គណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនេះ បានធ្វើលិខិតសុំចូលរួមជីវភាពនយោបាយតាមរយៈ លោក ប៊ិន ឈិន សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយ អតីតសមាជិកគណបក្សសង្រ្គោះជាតិទាំង៣រូបនេះ ក៏បានសម្តែងការខកចិត្តចំពោះទង្វើក្បត់ជាតិរបស់លោក កឹម សុខា ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលជាហេតុនាំឲ្យគណបក្សសង្រ្គោះជាតិត្រូវរំលាយចោល។

នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺភ្លាមៗបន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយចោល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺមានពេលវេលាច្រើនជាង ១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។

ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ទិញដូរណាមួយនោះទេ គ្រាន់តែជាការផ្តល់ឱកាសឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ។ សូមបញ្ជាក់ដែរថា រាល់អតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺនៅតែរក្សាទុកតួនាទីរបស់ពួកគាត់ឲ្យបម្រើប្រជាពលរដ្ឋដដែល៕