(សៀមរាប)៖ លោក ឡាត គិមលាន ជាជំទប់ទី១ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបរបស់អតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសជាសាធារណៈដើម្បីដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។​ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ

សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។

ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ៕