(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រះវិហារ និងលោក អ៊ូ សៅឌី អនុប្រធានមន្ទីរ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ បានទៅទទួលសញ្ញាបត្រវិស្វករអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ។
លោក សំ លាងទ្រី បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News ពីទីក្រុងបាងកកថា៖ សម្រាប់រូបលោក ក៏ដូចជាវិស្វករដទៃទៀត របស់ប្រទេសកម្ពុជាយើង ដែលបានទៅទទួលយកសញ្ញាបត្រវិស្វករអាស៊ាន ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ហើយក៏ជាមោទនភាពបំផុត សម្រាប់ខេត្តព្រះវិហារ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ថា៖ មុននឹងលោកទទួលបានសញ្ញាបត្រវិស្វករអាស៊ាន គឺលោកមានសញ្ញាបត្រជាវិស្វកររួចហើយ ឆ្លងតាមរយៈការធ្វើសារណា និងការពានិក្ខេបបទជាច្រើនដង លោកត្រូវបានគណះវិស្វករកម្ពុជាទទួលស្គាល់ ហើយគណៈវិស្វករអាជីព ក៏បានឆ្លងលទ្ធផលរបស់លោក ដែលបានធ្វើជាច្រើនដងតាមរយៈការការពារនិក្ខេបបទ និងធ្វើសារណាទៅគណះវិស្វករអាស៊ានជាច្រើនដងទៀត ទើបគណៈវិស្វករអាស៊ានទទួលស្គាល់ពីសមត្ថភាពរបស់លោកនិងព្រមបញ្ជាក់សញ្ញាបត្រ័វិស្វករអាស៊ានជូនលោក។
លោក សំ លាងទ្រី បានបញ្ជាក់ផងដែរថា៖ សញ្ញាបត្រវិស្វករអាស៊ាន ពិតជាមានតម្លៃធំធេងណាស់ ព្រោះអាចធ្វើឱ្យយើងបានបំរើការងារ នៅតាមប្រទេស ដែលជាសមាជិកអាស៊ានក៏ដូចជាអាស៊ានបូកចិន បូករុស្សី បូកជប៉ុនជាច្រើនទៀត។ ប៉ុន្តែបើយើងគ្មាសញ្ញាបត្រវិស្វករអាស៊ាននេះ យើងមិនអាចទៅបំរើការ នៅប្រទេសជាសមាជិកអាស៊ានបានទេ ដូច្នេះរួមទាំងលោកក៏ដូចជាវិស្វករដទៃទៀត ដែលទៅទទួលយកសញ្ញាបត្រនៅពេលនេះ ពិតជាមាន ក្តីសោមនស្សរីករាយណាស់ ព្រោះយើងបានទៅឈរទទួលយកសញ្ញាបត្រកាន់ទង់ជ័យកម្ពុជា លើឆាកដែលមានប្រទេស ជាសមាជិកអាស៊ានជាច្រើន ចូលរួមសរុបជាង១០០០នាក់។
សញ្ញាបត្រវិស្វករអាស៊ាននេះ មិនមែនបានទទួលតែលោកជាប្រធានមន្ទីរសាធារណការនោះទេ ពោលគឺបានទទួលមកពីវិសយ័ផ្សេងៗ ដែលគាត់ មានអាជីពជាវិស្វកររួចហើយទាំងរដ្ឋនិងឯកជន។ បើតាមមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនមួយរូប បានឱ្យដឹងថា៖ កម្រិតវិស្វករអាស៊ាន នៅប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ មានចំនួន៣៧៦នាក់ហើយៗនេះ ជាលើកទី៣៥ ដែលវិស្វករខ្មែរយើងបានទៅទទួលសញ្ញាបត្រអាស៊ាន៕