(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា ដែលកំពុងមានវោហារខ្លាំងក្រោយរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យតុលាការក្រុងភ្នំពេញ ពិចារណាឡើងវិញចំពោះការចោទប្រកាន់លើបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ ដែលត្រូវបានសមត្ថកិច្ចរកឃើញថា បានបញ្ជូនលួចព័ត៌មានសម្ងាត់របស់ជាតិទៅឱ្យបរទេសក្នុងគោលដៅមិនល្អ។
សម្រាប់ប្រធានគណបក្សយុវជន លោក ពេជ្រ ស្រស់, ការចោទប្រកាន់បែបនោះ គឺជារឿងអយុត្តិធម៌។ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា៖ «គឺជារឿងអយុត្តិធម៌ មួយសម្រាប់ ពួកគាត់ទាំងពីរនាក់នេះ ដោយហេតុធាតុផ្សំនៃបទល្មើស មិនគ្រប់គ្រាន់ ហើយសកម្មភាពជាក់ស្តែង ក៏មិនបានកើតឡើង ផងដែរ ដូច្នេះតុលាការត្រូវពិចារណាឡើងវិញ ចំពោះការចោទប្រកាន់លើបុគ្គលពីររូបនេះដើម្បីធានាឲ្យស្មារតីច្បាប់ មានភាពសុក្រឹត ដូច្នេះការចោទប្រកាន់ ទៅលើរូបពួកគាត់ គឺជាការបង្ហាញនូវការរំលោភសិទ្ធិ អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរបំផុត»។
លោក ពេជ្រ ស្រស់ បានបន្ថែមទៀតថា «ក្នុងន័យនេះ ក្នុងនាមខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយ សូមអំពាវនាវដល់អ្នកអនុវត្តច្បាប់គួរតែ ពិចារណាចំពោះការចោទប្រកាន់លើ ជនណាមួយ ឲ្យមានទម្ងន់ទោសត្រឹមត្រូវ និងផ្អែកទៅលើភស្តុតាងសុក្រឹតនិយម ជៀសវាងធ្វើឲ្យច្បាប់ក្លាយ ទៅជាអាវុធដ៏សាហាវសម្លាប់មនុស្ស ក្នុងសង្គមនីតិរដ្ឋ»។
សូមបញ្ជាក់ថា អតីតបុគ្គលិកអាស៊ីសេរី ២រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃុំនៅស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យ មានការ អន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ៕