(បារាំង)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំង ឡរ៉ង់ ហ្វាប៊្យុស (Laurent Fabius) បានបង្ហាញការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធម្មនុញ្ញបារាំង ជាមួយក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើការងារ «ស្រាវជ្រាវ និងឯកសារ»។

លោក ឡរ៉ង់ ហ្វាប៊្យុស បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យការស្រាវជ្រាវ និងការចងក្រងឯកសារនៃក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសទាំងបានកាន់តែល្អប្រសើរ។ ការថ្លែងគាំទ្ររបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅទីស្នាក់ការនៃក្រុមប្រឹក្សាធម្មនុញ្ញបារាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។
ជំនួបពិភាក្សាការងារបានធ្វើឡើងក្នុងឱកាសដែលលោក អ៉ឹម ឈុនលឹម ដឹកនាំគណៈប្រតិភូរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅចូលរួមសន្និសីទ និងខួប២០ឆ្នាំ នៃសមាគមតុលាការធម្មនុញ្ញនិយាយភាសាបារាំង (ACCPUF) ដែលមានការចូលរួមពីតំណាងជាន់ខ្ពស់ នៃតុលាការធម្មនុញ្ញ តុលាការកំពូល និងក្រុមប្រឹក្សាធម្មនុញ្ញមកពី ៤៨ប្រទេស៕