(ភ្នំពេញ)៖ កញ្ញាឯកលំដាប់ពិភពលោក «Miss Global Internatoinal 2017» ដែលទើបតែទទួលបានជយលាភីទាំង៥ រូប ត្រូវបានរោងភាពយន្ត «Prime Cineplex» និងដៃគូសហការ អញ្ជើញឲ្យចូលរួមជួបជាមួយអ្នកគាំទ្រ របស់ខ្លួន និងថតរូបទុកជាអនុស្សាវរីយ៍ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត «Prime Cineplex» ផ្សារទំនើប សុវណ្ណា។
តំណាងរោងភាពយន្ត «Prime Cineplex» បានថ្លែងឲ្យដឹងថា ការអញ្ជើញកញ្ញាឯកលំដាប់ពិភពលោក «Miss Global 2017» ដែលទទួលបានជយលាភីពីលេខ១ ដល់លេខ៥ ជួបអ្នកគាំទ្ររបស់ខ្លួន នៅពេលនេះ គឺក្នុងគោលបំណង ចង់ឲ្យអតិថិជនរបស់រោងភាពយន្ត «Prime Cineplex» ក៏ដូចជាអ្នកគាំទ្រ ប្រិយមិត្តរបស់ «Miss Global 2017» មានឱកាសបានថតរូបអនុស្សាវរីយ៍ ជាមួយពួកគាត់ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងការប្រកួតលក្ខណៈពិភពលោកនេះ។
ជាមួយនឹងការជួបជុំថតរូប ពីសំណាក់ «Miss Global 2017» នេះ នៅរោងភាពយន្ត «Prime Cineplex» ក៏មានការដាក់តាំងលក់ផលិតផល Cosmetic ម៉ាកល្បីៗ ក្នុងតម្លៃពិសេស និងការលេងហ្គេមកំសាន្ត ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯក លំដាប់ពិភពលោក «Miss Global Internatoinal 2017» ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ ដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានរកឃើញអ្នកទទួលបានជយលាភី ដើម្បីគ្រងមកុដ (Miss Global 2017) ប្រចាំឆ្នាំ២០១៧ នេះ។ ក្នុងនោះកញ្ញាឯកដែលមានវាសនាខ្ពស់ បានគ្រងតំណែងនេះ គឺបានទៅលើកញ្ញាឯកមកពីប្រទេសប្រេស៊ីល ខណៈលេខ២ បានទៅលើកញ្ញាឯកមកពីប្រទេសប៉ាណាម៉ា, លេខ៣ បានទៅលើកញ្ញាឯកមកពីប្រទេស អាល្លឺម៉ង់, លេខ៤ បានទៅលើកញ្ញាឯកមកពីប្រទេសសូម៉ាលីយ៉ា និងលេខ៥ បានទៅលើកញ្ញាឯកមកពីប្រទេសចិន។
កញ្ញាឯកទាំងអស់ ទោះបីជាទទួលបានជយលាភី ឬមិនទទួលបានជយលាភី តំណាងទាំង៦០ប្រទេសនេះ នឹងបានពាំនាំ ជួយផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ពិភពលោកឲ្យបានដឹង ពីសក្តានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយ ពោរពេញទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង៕