(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យឯកទេស ប្រចាំមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបជុំគ្នា នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចែករំលែក ចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងរបកគំហើញ ឲ្យគ្នាទៅវិញទៅមក ក្រោមការដឹកនាំលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ ។
ក្នុងពិធីនោះដែរបានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យឯកទេស បានជួបជុំគ្នា ដើម្បីធ្វើការពិភាក្សា និងចែករំលែកចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ របកគំហើញបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ឲ្យគ្នាទៅវិញទៅមក សម្តៅលើកកម្ពស់ គុណភាពនៃការព្យាបាល ជូនអ្នកជំងឺ ឲ្យកាន់តែមានប្រសិទ្ធិភាព។
លោកវេជ្ជបណ្ឌិត កុយ វ៉ាននី ប្រធានការិយាល័យបច្ចេកទេស របស់មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា កម្មវិធីជួបជុំគ្នានេះ មន្ទីរពេទ្យតែងតែធ្វើឡើង រយៈពេល៣ខែម្តង ហើយវាពិតជាមានសារៈសំខាន់ណាស់ ដែលក្រុមគ្រូពេទ្យ បានធ្វើការជួបជុំពិភាក្សាគ្នានេះ ព្រោះការព្យាបាលអ្នកជំងឺ មិនអាចធ្វើទៅតាមទំលាប់បាននោះទេ ប៉ុន្តែទាមទារឲ្យមានការអនុវត្តន៍ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងស្របទៅតាមការវិវឌ្ឍន៍ នៃជំងឺ និងបច្ចេកទេសវេជ្ជសាស្ត្រ របស់ពិភពលោក។
លោកវេជ្ជបណ្ឌិតប្រធានការិយាល័យបច្ចេកទេស របស់មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងដែរទៀតថា ឆ្លងកាត់តាមរយៈការជួបជុំជាទៀងទាត់ រយៈពេល៣ខែម្តង រហូតមកដល់ពេលនេះ លោកអាចវាយតម្លៃបានថា សមត្ថភាពនៃក្រុមគ្រូពេទ្យឯកទេស កាន់តែមានប្រសិទ្ធិភាព ក្នុងការព្យាបាលជូនដល់អ្នកជំងឺ ជាក់ស្តែងគឺអត្រាស្លាប់នៃអ្នកជំងឺ មានការថយចុះគួរឲ្យកត់សម្គាល់។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សកម្មភាពនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ស្របទៅតាមសម័យកាល របស់ពិភពលោក ដែលកំពុងមានការអភិវឌ្ឍយ៉ាងជឿនលឿន៕