(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររៀបចំតាក់តែងអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្របុរាណ លោក ជូ យិនស៊ីម បានថ្លែងថា ក្រសួងសុខាភិបាល នឹងពង្រឹងគុណភាព សុវត្ថិភាព អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្របុរាណ និងក្ដោបចំនួនគ្រូបុរាណ រួមទាំងទីតាំងលក់ឱសថបុរាណ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាលើកកម្ពស់ ការអនុវត្ដសេវាវេជ្ជសាស្ដ្របុរាណ ឲ្យប្រសិទ្ធិភាព និងទប់ស្កាត់គ្រូបុរាណខិលខូច ឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដោយលក់ថ្នាំផ្សេង ប៉ះពាល់ដល់សុខភាពពួកគាត់។
លោក ជូ យិនស៊ីម បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី «ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្របុរាណ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើននាក់។
លោកបន្ដថា «ក្រសួងសុខាភិបាល គឺមានការព្រួយបារម្ដចំពោះ សុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ ពេលដែលគាត់ប្រើប្រាស់ឱសថបុរាណណាមួយ អាចធ្វើឲ្យសុខភាពគាត់ ចុះខ្សោយរាងកាយផ្សេងៗ ដោយមិនដឹងខ្លួន ដូច្នេះក្រសួង និងដៃគូពាក់ព័ន្ធ បាននឹងកំពុងពិភាក្សា ពិគ្រោះយោបល់លើខឹ្លមសារទាំងមូល របស់សេក្ដីព្រាងបឋមនៃអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្របុរាណ ដើម្បីជួយលើកកម្ពស់ ការអនុវត្ដសេវាវេជ្ជសាស្ដ្របុរាណ ឲ្យប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋយើង ។ដូច្នេះ អនុក្រឹត្យនេះ ដែលយើងធ្វើឡើងនេះ ក្ដោបចំនួនគ្រូបុរាណ និងអ្នកលក់ថ្នាំបុរាណ ឲ្យបានច្បាស់លាស់ ហើយក៏ចង់បញ្ជាក់ឲ្យប្រជាពលរដ្ឋដឹងច្បាស់ថា អ្នកណាខ្លះជាអ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ដ្របុរាណនេះ អ្នកកោលខ្យល់ ឋិតនៅក្នុងនឹងដែរទេ គ្រូស្ដោះផ្លុំ គ្រូស្រោចទឹក គ្រូមន្ដអាគមអីនេះ តើយើងចាត់ទុកគាត់ជាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្របុរាណដែរអត់»។
លោកបន្ដទៀតថា «នៅបណ្ដាប្រទេសគេជិតខាង ដូចជាប្រទេសម៉ាឡេស៊ីជាដើម គេសុទ្ធតែមានវគ្គបណ្ដុះបណ្ដាលរយៈពេលដល់តែ៣ឆ្នាំឯណោះ ហើយបើនៅប្រទេសចិន កូរ៉េខាងត្បូង គឺដោយតែវេជ្ជសាស្រ្ដបុរាណគេជឿនលឿន គឺគេរៀនរហូតដល់ទៅ៦-៧ឆ្នាំ ដូចវេជ្ជសាស្ដ្រសម័យយើងដែរ ប៉ុន្ដែដោយការខិតខំប្រឹងប្រែង ពីយើងទាំងអស់ យើងនឹងរួមគ្នា ពង្រឹងអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធិភាពដូចគេដែរ»។
លោកបន្ថែមថា រហូតមកទល់ពេលនេះ នៅកម្ពុជា មានអគារលក់ឱសថបុរាណ ចំនួន១០០កន្លែង នៅភ្នំពេញមាន៩១អគារ លក់ឱសថបុរាណ និង២០កន្លែងទៀត លក់ឱសថបុរាណចិន ដោយឡែកនៅមជ្ឈមណ្ឌលបុរាណរបស់ក្រសួងបណ្ដុះបណ្ដាល ក្នុងរយៈពេលខ្លី បានបើកវគ្គបណ្ដុះបណ្ដាលចំនួន៨វគ្គកន្លងមកហើយ។ សព្វថ្ងៃនេះ ក្រសួងបានបានបណ្ដុះបណ្ដាល គ្រូបុរាណ សរុប ៤២៤នាក់តែប៉ុណ្ណោះ ដូច្នេះមិនអាចក្ដាប់ចំនួនគ្រូបុរាណនៅកម្ពុជា ឲ្យមានភាពច្បាស់លាសល់នោះទេ ដូច្នេះក្រសួង នឹងខិតខំប្រឹងប្រែង ក្នុងការពន្លឿនអនុក្រឹត្យនេះ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕