(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាផ្ទាល់ទៅកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រមូលផលិតផលខូចគុណភាពជាច្រើន ដែលបានចុះបង្ក្រាប និងដកហូតបានកាលពីពេលកន្លងទៅ យកទៅដុតកម្ទេចចោលទាំងអស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
មន្ត្រីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប និងដកហូតនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ ដោយយោងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ដែលមានលោកឧត្តមសនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ជាអ្នកដឹកនាំផ្ទាល់ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណីផលិតវេចខ្ចប់រំលោភកម្មសិទ្ធិបញ្ញា និងពុំអនុឡោមតាមច្បាប់ នៅផ្ទះលេខ 13x ផ្លូវ២៧១ ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្រោយការត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាងពាក់ព័ន្ធការក្លែងបន្លំម៉ាករួមមាន៖ នំមឹកកញ្ចប់ សំបកកញ្ចប់នំ សាច់នំបន្ទះមឹកម៉ាក sento ជាពិសេសទីតាំងនេះ បានធ្វើការផលិត និងវេចខ្ចប់សាច់ជ្រូកយកទៅធ្វើជាងៀតសាច់គោ ធ្វើដំណាប់អំពិល និងនំសរសៃមឹកក្លែងប្រភពដាក់ថា ផលិតពីប្រទេសថៃ។ ម្យ៉ាងទៀត ទីកន្លែងផលិតគ្មានអនាម័យ និងតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ច ដកហូតយកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំម្ចាស់ទីតាំងឈ្មោះ ហា ស៊ីម៉េង និងកម្មករចំនួន ៣នាក់ មកបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
ក្រោយចុះបង្ក្រាប និងដកហូតផលិតផលទាំងនោះរួចមក នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានបញ្ជាឲ្យកម្លាំងនគរបាលធ្វើការដុតកម្ទេចចោលតែម្ដង។
សមត្ថកិច្ចបានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវបញ្ឈប់ការផលិតខុសច្បាប់ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកូនចៅ ដែលតែងតែទិញនំប្រភេទនេះមកទទួលទាន ត្រូវមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់៕