(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០១៦ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរាជការនៅថ្នាក់កណ្ដាល (ទីស្ដីការក្រសួងទេសចរណ៍) និងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តបានចំនួន ៥១០នាក់ហើយ ដោយបែងចែកជាវគ្គបណ្ដុះបណ្ដាល ៩លើក ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្ត្រី បង្កើនប្រសិទ្ធភាពការងារ ឆ្លើយតបនឹងកំណើនទេសចរនាពេលបច្ចុប្បន្ន និងទៅអនាគត។
របាយការណ៍ខាងលើ ត្រូវបានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
មន្ត្រីរាជការនៅថ្នាក់កណ្ដាល និងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលទទួលបានការបណ្ដុះបណ្ដាលទាំង ៥១០នាក់នោះ រួមមាន៖ នៅទីស្តីការក្រសួងទេសចរណ៍ចំនួន ២០៨នាក់ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តចំនួន ៣០២នាក់។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានលើកផែនការកំណែទម្រង់វិស័យទេសចរណ៍ (២០១៥-២០១៨) ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានយ៉ាងតិច ៧លាននាក់ នៅក្នុងឆ្នាំ២០២០ ផងដែរ។
លោក តុប សុភ័ក បានលើកឡើងថា ដើម្បីក្លាយខ្លួនទៅជាធនធានដ៏មានសារៈសំខាន់ សម្រាប់បម្រើឲ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បម្រើឲ្យការជំរុញល្បឿនក្នុងដំណើរការអភិវឌ្ឍប្រទេស បម្រើឲ្យការផ្តល់សេវាសាធារណៈជូនប្រជាជន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីប្រជាជន ពិសេសសំដៅសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០) និងផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានយ៉ាងតិច ៧លាននាក់ នៅក្នុងឆ្នាំ២០២០។
លោក តុប សុភ័ក បានបញ្ជាក់ថា សន្តិភាពពេញលេញដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលកន្លងមក បានផ្តល់ឲ្យប្រជាពលរដ្ឋទាំងអស់គ្នានូវកាលានុវឌ្ឍភាព ដែលមិនធ្លាប់មានក្នុងការប្រមូលផ្តុំគ្រប់ធនធានទាំងអស់ ដើម្បីបម្រើឲ្យការស្តារ និងអភិវឌ្ឍន៍ប្រទេស។ នៅក្នុងរបត់ថ្មីនេះ ដើម្បីជំរុញឲ្យការអភិវឌ្ឍមានសន្ទុះលឿនទៅមុខ និងប្រកបដោយចីរភាព រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ធ្វើការកំណែទម្រង់លើគ្រប់វិស័យ ដែលក្នុងនោះការកែទម្រង់លើវិស័យរដ្ឋបាលសាធារណៈ និងការរៀបចំឱ្យមានអភិបាលកិច្ចល្អ គឺជាគន្លឹះអាទិភាព៕