Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តប៉ៃលិន ចុះរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ក្រោយតុលាការកាត់ទោសរំលាយ

18-11-2017 13:30

(ប៉ៃលិន)​៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះ ខេត្តប៉ៃលិន បានចាប់ផ្តើមរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅទីឯកជន និងទីសាធារណៈនានាជាបន្តបន្ទាប់ ក្រោយពីតុលាការកំពូលកាត់ទោសរំលាយគណបក្សនេះ ។

ការរុះរើទម្លាក់ស្លាកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលនៃកម្ពុជា បានកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះចេញពីបញ្ជីគណបក្សនយោបាយ ព្រមទាំងបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកា ទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ឲ្យចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅគ្រប់កន្លែងអំពីការអនុវត្តសាលដីកានេះ។ ជាមួយគ្នានេះ សម្ដេចក៏បានបង្គាប់ឲ្យអាជ្ញាធរ បង្កើនការយកចិត្តក្នុងការគ្រប់គ្រង រក្សាការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរាប់រយសាធារណៈ ក្នុងរាជធានី-ខេត្ដ នីមួយៗ។

លិខិតបង្គាប់របស់សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ទៀតថា ចំពោះស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដែលមាននៅរាជធានី-ខេត្តនីមួយៗ ត្រូវណែនាំឲ្យទម្លាក់ស្លាក សញ្ញា បដា និងពាក្យស្លោកផ្សេងៗ ហើយមិនត្រូវឲ្យត្រូវធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការរួចហើយឡើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ត្រូវណែនាំដល់ម្ចាស់លំនៅឋាន អាគារ សំណង់នានា ឲ្យធ្វើការដកចេញ នៅស្លាកសញ្ញានានា របស់អតីតគណបក្សសង្គ្រោះជាតិ នៅតាមលំនៅឋាន អាគារ សំណង់នានា របស់ខ្លួនជាបន្ទាន់។ ចំពោះស្លាកសញ្ញា នៅតាមទីផ្សារសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ រុះរើចេញជាបន្ទាន់។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

ក្រោយតុលាការកំពូលចេញដីកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕