(កំពង់ស្ពឺ)៖ នៅវេលាថ្ងៃត្រង់ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងប្រដាប់ទាំង៣ប្រភេទ (នគរបាល អាវុធហត្ថ និងយោធា) រួមទាំងអាជ្ញាធរមូលដ្ឋាជាច្រើននាក់ដឹកនាំដោយ លោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន និងបទល្មើសផ្សេងៗ តាមរយៈចុះធ្វើរដ្ឋបាល និងអនុវត្តតាមដីការបស់តុលាការ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅភូមិស្រែអំបិល ឃុំត្រពាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅក្នុងប្រតិបត្តិការនេះ កម្លាំងចំរុះបានឃាត់ជនសង្ស័យចំនួន១២នាក់ រឹបអូសបានកាំភ្លើងចំនួន០២ដើម ម៉ាកអាកាកាត់ស្នូក០១ដើម មាន០៨ គ្រាប់ ម៉ាករ៉ូឡូ០១ដើម មាន៧គ្រាប់ ម៉ូតូ០២គ្រឿង គ្រឿងញៀន០១កញ្ចប់រួម និងសម្ភារផ្សេងទៀត។

លោក វ៉ី សំណាង បានបញ្ជាក់ពីកន្លែងកើតហេតុមកថា «កិច្ចការនេះធ្វើឡើងក្នុងប្រតិបត្តិការតាមដីកាផង និងការរដ្ឋបាលរបស់ខេត្តផង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព»។

លោកអភិបាល បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង១២នាក់ ត្រូវប្រគល់ទៅឲ្យជំនាញស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់ចែង ដើម្បីស្វែងជនពាក់ព័ន្ធ និងជនមិនពាក់ព័ន្ធ ក្នុងករណីសង្ស័យជាច្រើនករណី ដោយជនសង្ស័យមួយចំនួនដែលគេចខ្លួន លោកបានបញ្ជាឲ្យស្រាវជ្រាវបន្តដើម្បីចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕