(ភ្នំពេញ)៖ អគារខុនដូបែបសម័យ ទំនើបមួយ និងជាអគារដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Parkway Investment Co. , Ltd ដែលជាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងលេចចេញជារូបរាងឡើង នៅក្នុងឆ្នាំ២០១៧នេះ ជាមួយនឹងការអភិវឌ្ឍវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកវិនិយោគមើលឃើញថា កំពុងតែរីកលូតលាស់ឥតឈប់ឈរ ពីមួយថ្ងៃទីមួយថ្ងៃ។
ការប្រកាសឲ្យដឹងជាសាធារណៈនេះ ត្រូវបានធ្វើឡើងក្នុងពិធី បើកសម្ពោធជាផ្លូវការ នៃការិយាល័យតាំងបង្ហាញអគារគំរូខុនដូដ៏ទំនើប ដែលមិនធ្លាប់មានពីមុនមក ដោយមានការដាក់បញ្ចូលគ្នានៃស្ថាបត្យកម្មខ្មែរ និងរចនាបទសម័យទំនើប ដល់សាធារណជនចូលរួមទស្សនា បន្ទាប់ពីបានដំណើរការសាងសង់ អស់រយៈពេលជាង ៧ ខែកន្លងមកនេះ ក្រោមវត្តមានរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
អគារខុនដូដ៏ទំនើបមួយនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Parkway Investment Co. , Ltd ដែលជាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) ដែលមានមូលដ្ឋាននៅប្រទេសចិនដែលមានទីតាំងនៅខណ្ឌទួលគោកដែលជាបណ្តុំនៃការអភិវឌ្ឍន៍មានចំនួន ១៥០០ យូនីតនិងមានកម្ពស់រហូតដល់៣៥ ជាន់។
ការរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពទាក់ទាញនៃខណ្ឌទួលគោក ខណ្ឌទួលគោក គឺជាតំបន់ដែលកំពុងក្លាយជាជម្រើសដ៏ល្អមួយ សម្រាប់ការរស់នៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែបច្ចុប្បន្ននេះ ខណ្ឌទួលគោកបានប្រែក្លាយ ទៅជាកន្លែងដ៏ល្អបំផុត សម្រាប់អ្នកដែលចង់ផ្លាស់មករស់នៅប្រទេសកម្ពុជា និងរស់នៅក្នុងរាជធានីភ្នំពេញ ដែលជារាជធានីធំជាងគេរបស់កម្ពុជា។
វត្តមានរបស់ខុនដូទំនើប ដែលជាការវិនិយោគរួម រវាងក្រុមហ៊ុនផាកវេ អ៊ិនវេសម៉ិន និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) Co នឹងក្លាយជាការបំពេញបន្ថែម ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៃខណ្ឌទួលគោកនេះផងដែរ។ ឱកាសសម្រាប់ប្រជាជនថ្នាក់កណ្តាល ដើម្បីកែលម្អស្តង់ដារនៃការរស់នៅរបស់ពួកគេ ក្រុមហ៊ុន ផាកវេ អ៊ិនវេសម៉ិន ជាក្រុមហ៊ុន មានបទពិសោធន៍ជាង២០ ឆ្នាំលើវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍន៍បែបលំនៅដ្ឋាន ដែលក្រុមហ៊ុនបានអភិវឌ្ឍន៍ នូវគម្រោងជាច្រើនរួចមកហើយ រួមមាន Parkway Square និងបុរីរិទ្ធិ ជាដើម។ នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនបានសម្រេចវិនិយោគទុន រួមគ្នាជាមួយក្រុមហ៊ុនចិន ដើម្បីសាងសង់គម្រោងខុនដូដែលមានលក្ខណៈ ពិសេសនៅកម្ពុជាលើផ្លូវលេខ ២៧៣ ក្នុងខណ្ឌទួលគោក។
លោក សួ សុខថេង នាយកប្រតិបត្តិនៃក្រុមហ៊ុន ផាកវេ អ៊ិនវេសម៉ិន បានថ្លែងថា គម្រោងអភិវឌ្ឍន៍នេះ នឹងមានអគារចំនួន ៣ ដោយអគារទីមួយមាន២៩ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទី៣ មានរហូតដល់៣៥ជាន់។ សរុបមក អគារខុនដូទាំងមូលមានខុនដូរទំនើបៗ ចំនួន១៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ ម៉ែត្រការ៉េ។
ការវិនិយោគរបស់យើង សម្រាប់គម្រោងខុនដូទាំងនេះ មិនមែនសម្រាប់រយៈពេលខ្លីនោះទេ ប៉ុន្តែយើងធ្វើការវិនិយោគ សម្រាប់រយៈពេលវែង ដោយយើងបានសំឡឹងឃើញ អំពីកំណើនយ៉ាងឆាប់រហ័ស នៃប្រជាជនថ្នាក់កណ្តាល រួមជាមួយ និងប្រាក់ចំណូលរបស់ពួកគេ ដែលកើនឡើងផងដែរ ដូច្នេះហើយពួកគេប្រាកដជា ចង់ធ្វើការផ្លាស់ប្តូរនូវរបៀបរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយផាសុកភាព។ យើងជឿជាក់ថាចំនួនអ្នករស់នៅ ក្នុងរាជធានីភ្នំពេញនឹងកាន់តែមានចំនួនច្រើនឡើងៗ ហើយពួកគេនឹងជ្រើសរើស លំនៅស្ថានដែលនៅជិតទីក្រុង ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ ការកកស្ទះចរាចរ និងកាត់បន្ថយឧបទ្ទវហេតុ នៅតាមផ្លូវផងដែរ។
បើយោងតាមលោក សុខេថង ជាន់នីមួយៗនៃខុនដូ បានបង្តើតនូវ ទីធ្លាសាធារណៈសម្រាប់អ្នកស្នាក់នៅ ក្នុងអគារអាចឆ្លៀតពេលទំនេរ របស់ពួកគេសម្រាក និងរីករាយជាមួយនិងទេសភាព បៃតងនៅជុំវិញពួកគេ។ ការអភិវឌ្ឍខុនដូនេះ នឹងមានលក្ខណៈពិសេសពេញលេញសម្រាប់ សតវត្សរ៍ទី២១នេះតែម្តង ដោយរួមមានទាំងអាងហែលទឹក ដ៏ធំទូលាយ និងកន្លែងហាត់ប្រាណ។ នៅជាន់ផ្ទាល់ដីនឹងមានហាង ទំនិញមួយដែលផ្តល់ជូននូវជម្រើសជាច្រើនដូចជា កន្លែងទទួលទានអាហារ កន្លែងកម្សាន្ត និងកន្លែងទិញទំនិញជាច្រើនទៀត។ អគារនេះក៏មានសាលារៀនតូចមួយ សម្រាប់ការប្រើប្រាស់ផ្តាច់មុខសម្រាប់កូនៗ របស់អ្នករស់នៅទីនោះផងដែរ។
លោកបានបន្ថែមថា៖ «លើសពីនេះទៀត ខណៈដែលយើងមានទីតាំង នៅក្នុងតំបន់លំនៅដ្ឋាន ដែលមានភាពល្អប្រសើរ ងាយស្រួល និងស្រស់ស្រាយហើយនោះ យើងក៏មានបំណងទាក់ទាញ អ្នកទេសចរគ្រប់ជាតិសាសន៍ ក៏ដូចជាទាក់ទាញប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅបរទេសមករស់នៅ ក្នុងប្រទេសកម្ពុជាជាមួយ និងអគារខុនដូររបស់យើង ផងដែរ»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបាន ចាប់អារម្មណ៍ជាខ្លាំង ពីបណ្តាប្រទេសទាំងឡាយ នៅលើពិភពលោក ដោយសារតែកំណើនសេដ្ឋកិច្ច ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាងបីទសវត្សរ៍កន្លងមកនេះ បន្ទាប់ពីរួចផុតពីសង្រ្គាមរាំងជល និងភាពក្រីក្រ។ ធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែងនៅក្នុងទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី របស់ខ្លួនឆ្នាំ២០១៦ ថាប្រទេសកម្ពុជា កំពុងឈានទៅមុខក្នុងការប្រែក្លាយជា «សេដ្ឋកិច្ចថ្មីមួយរបស់អាស៊ី» ឬហៅម្យ៉ាងទៀតថា «ខ្លានៅអាស៊ី» ។ ដោយមើលឃើញថា ផលិតផលក្នុងស្រុកសរុប របស់ប្រជាជនក្នុងម្នាក់ៗនឹងកើនឡើង ដល់ប្រមាណជា ១,៤២២ ដុល្លារក្នុងឆ្នាំ ២០១៧ នេះបើធៀបទៅនិងឆ្នាំមុន ត្រឹមតែពី ១ ៣០២ ដុល្លារប៉ុណ្ណោះ៕