(ស្វាយរៀង)៖ ដោយសារស្ថានភាពផ្លូវជាតិលេខ១ នៅក្នុងក្រុងបាវិត មានភាពចង្អៀត បណ្តាលឲ្យកកស្ទះចរាចរណ៍ ទាំងរថយន្តទាំងតូច ទាំងធំ ជាពិសេស រថយន្តដឹកភ្ញៀវទេសចរនោះ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វាទី២ និងជានាយប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត និងលោកស្រី សរ ពៅ បានជួយ ស្ថាបនា និងជួសជុលផ្លូវចាក់ថ្មមិចប្រវែង ២,២០០ម៉ែត្រ ពីចំណុចមាត់ច្រកទ្វាព្រំដែន អន្តរជាតិបាវិត ទៅវត្តព្រៃយាយ នៅក្នុងក្រុងបាវិត។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា ផ្លូវដែលលោក និងលោកស្រី ជួសជុលក្នុងគោលបំណង សម្រួលការកកស្ទះចរាចរណ៍ តាមបណ្តោយផ្លូវលេខ១ ហើយក្នុងនាមរូបលោកជានាយប៉ុស្តិ៍ គឺតែងតែយកចិត្តទុក ដាក់ជាមួយកងកម្លាំង អង្គភាពប៉ូលិស អន្តោប្រវេសន៍ និងបានអប់រំណែនាំមន្ត្រីក្រោមឱវាទ ត្រូវបំពេញតួនាទីឲ្យបានល្អ ជាពិសេសត្រូវបម្រើសេវា ឯកសារផ្សេងៗ ដល់ភ្ញៀវទេសចរ ឲ្យបានរលូន។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ដោយមើលឃើញ នូវការកកស្ទះចរាចរណ៍ នៅតាមផ្លូវជាតិលេខ១ ក្នុងក្រុងបាវិតដែលមានរថយន្តច្រើន ឆ្លងកាត់ក្រុង រូបលោកនិង លោកស្រី បានជួយជួសជុលស្ថាបនាផ្លូវវៀងចាក់ថ្មមិចប្រវែង២២០០ម៉ែត្រនេះ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា មិនត្រឹមតែជួយផ្នែកអាណាចក្រនោះទេ តែផ្នែកពុទ្ធចក្រ ក៏លោកនិងលោកស្រី ចូលរួមយ៉ាងសកម្ម ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ដូចជាបាន កសាង ព្រះវិហារ សាលាឆាន់ ស្រះទឹក ក្លោងទ្វាវត្ត និងសមទ្ធិផលនានាជាច្រើន នៅមូលដ្ឋានក្រុងបាវិត និងនៅតាម បណ្តាខេត្តផ្សេងទៀតផងដែរ៕