(ភ្នំពេញ)៖ ដោយក្ដីស្រឡាញ់ចូលចិត្ត និងចង់ជំរុញកូនៗឲ្យមានសមត្ថភាពក្នុងការលេងកីឡាស្គីទឹកកក ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ អាណាព្យាបាលកីឡាករ-កីឡាការិនីវ័យក្មេង នៃក្រុមកីឡាស្គីទឹកកកជម្រើសជាតិកម្ពុជា បានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីបញ្ជូនកូនៗ ទៅចូលរួមប្រកួតកីឡាស្គីទឹកកកមិត្តភាពអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧ Sea Figure Skating Open Challenge 2017 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនៅប្រទេសថៃ។
លោក ស្រ៊ុន សុខគីម ឪពុកកីឡាករ ហ៊ួរគឹម ពេជ្របញ្ចរង្គ បានលើកឡើងថា បេសកកម្មរបស់កីឡាករ-កីឡាការិនីស្គីទឹកកកវ័យក្មេងចំនួន ៦រូបដែលនឹងទៅថៃនោះ គឺទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា ដែលសម្របសម្រួលផ្នែករដ្ឋបាលជាមួយម្ចាស់ផ្ទះ។ ប៉ុន្ដែពួកគេមិនទទួលបានការឧបត្ថម្ភពីស្ថាប័នណាទេ ដោយហេតុនេះក្រុមអាណាព្យាបាល បានសម្រេចចំណាយលុយផ្ទាល់ខ្លួន ហើយក៏បានធ្វើការអំពាវនាវដល់សប្បុរសជន និងស្ថាប័ននានា ជួយឧបត្ថម្ភដល់កីឡាករ-កីឡាការិនីបន្ថែម។
លោកបញ្ជាក់ថា «ជុំវិញការត្រៀមចេញទៅប្រកួតនៅថៃ កូនពួកខ្ញុំបានហ្វឹកហាត់ជាច្រើនមកហើយ គឺយើងអត់មានបញ្ហាអីទេ ចំពោះការហ្វឹកហាត់ និងការត្រៀម តែអ្វីដែលជាបញ្ហានោះទេ គឺយើងខ្វះអ្នកឧបត្ថម្ភ ព្រោះយើងត្រូវការការចំណាយច្រើន ក្នុងការចេញទៅប្រកួត រហូតដល់ទៅ៤ថ្ងៃ និងខ្វះខាតការគាំទ្រ ដោយចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រកីឡាស្គីទឹកកក ដើម្បីស្វែងរកជយលាភីលើកកិត្តិយស និងមុខមាត់ប្រទេសជាតិកម្ពុជាផងដែរ»។
នេះគឺជាឧសបគ្គដ៏ធំដែលអាចប៉ះពាល់ដល់ការខិតខំប្រឹងរបស់កីឡាករ-កីឡាការិនីស្គីទឹកកកកម្ពុជា ក្នុងការចង់ក្លាយជាកីឡាករជម្រើសជាតិឆ្នើម ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជា។ លោកថា «ដោយទឹកចិត្តចង់បង្ហាញនៅលើឆាកអន្ដរជាតិ និងទង់ជាតិកម្ពុជា ហើយក្នុងនាមឪពុក-ម្ដាយ ឧបសគ្គខាងលើ មិនអាចបង្អាក់ការជំរុញកូនឲ្យលេងកីឡានេះទេ យ៉ាងណាក៏តស៊ូរហូតដល់អស់លទ្ធភាព។ ចឹងខ្ញុំសង្ឃឹមថា នឹងមានអ្នកជួយច្រើន ហើយបើអាចខ្ញុំសង្ឃឹមដល់ថ្នាក់រាជរដ្ឋាភិបាលជួយផង»។
លោក រស់ រតន ឪពុកកីឡាការិនី រតនា សូឡាវីន បានលើកឡើងដែរថា ដោយសារក្ដីស្រឡាញ់ពោរពេញដោយឆន្ទៈសាររបស់កូន លោកមិនអាចរារាំងពួកគេបានទេ គឺមានតែជំរុញបន្ថែម ព្រោះលោកចង់ឲ្យកូនស្រីក្លាយជាផ្នែកមួយនៃវិស័យកីឡាជាតិ ដែលអាចស្វែងរកមេដាយជូនជាតិបានសម្រេចដូចគោលបំណងរបស់ពួកគេ។
ដោយឡែកលោកស្រី Chai Anne Ben Zina គ្រូបង្វឹកជម្រើសជាតិស្គីទឹកកកកម្ពុជាបានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងរបស់កីឡាករ-កីឡាការិនី ដែលបច្ចុប្បន្នពួកគេមានភាពរីកចម្រើនជាងមុន ធ្វើឲ្យកម្ពុជាមានក្ដីសង្ឃឹមជាមួយកីឡាមួយនេះនាថ្ងៃអនាគត។ ប៉ុន្ដែបេសកកម្មចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍នាពេលខាងមុខ លោកស្រីមិនអាចនិយាយពីក្ដីរំពឹងក្នុងការឈ្នះមេដាយនោះទេ តែលោកស្រីបានសន្យាថា នឹងប្ដេជ្ញាចិត្តជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើមមេដាយជូនកម្ពុជា៕