(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកថ្លែងថា ការងារសំខាន់របស់សម្តេច គឺត្រូវធានាសុវត្ថិភាព និងធានាការរស់នៅសុខសប្បាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយត្រូវធានាឲ្យកូនចៅប្រជាពលរដ្ឋខ្មែរបានសិក្សារៀនសូត្រគ្រប់ទីកន្លែង និងការពារប្រយោជន៍ជូនអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគនៅក្នុងប្រទេសដោយគ្មានការភិតភ័យ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់លើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកក្តិក ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា «ការងារសំខាន់បំផុតរបស់ខ្ញុំរាល់ថ្ងៃ គឺធានាសុខសុវត្ថិភាពជូនដល់បងប្អូនជនរួមជាតិរស់នៅសុខសប្បាយ ផ្តល់ឱកាសអោយកូនក្មួយ និងចៅៗបានសិក្សារៀនសូត្រគ្រប់ទីកន្លែង និងការពារផលប្រយោជន៍បងប្អូនអាជីវករ ពាណិជ្ជករ អ្នកវិនិយោគគិនប្រកបរបររកស៊ីទទួលទាន និងវិនិយោគនៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច រួមជាមួយទេសចរបរទេសផងដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជនរួមជាតិ ដែលបានរួមគ្នាថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនទៅមុខ។
សារនៅលើទំព័រ Facebook នៅថ្ងៃនេះ សម្តេចតេជោ ក៏បានបង្ហាញពីភាពមមាញឹកមួយចំនួនដូចជាការចុះជួបជាមួយកម្មករ កម្មការិនី ក្រោយត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសហ្វីលីពីន នាដើមសប្តាហ៍នេះ៕