(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់១១នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១៥គ្រឿង ក្នុងនោះមានម៉ូតូ១០គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច២គ្រឿង និងយានយន្តផ្សេងៗ១គ្រឿង។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យ កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន៣លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក និងប្រជែង១លើក។ ខេត្តរាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន៖ ខេត្តកំពង់ឆ្នាំង១លើក ស្លាប់១នាក់ របួស២នាក់ និងភ្នំពេញ២លើក របួស២នាក់។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៧ថ្ងៃ ចាប់គិតពីថ្ងៃទី០១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កើតឡើងចំនួន១៥៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៨៤នាក់ របួសសរុប២៨៩នាក់ ក្នុងនោះរបួសធ្ងន់១៥១នាក់ របួសស្រាល១៣០នាក់៕