(ភ្នំពេញ)៖ ខណៈកំពុងជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក Jonathan Ledger អ្នកឯកទេសខាងកិច្ចការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃអគ្គនាយដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃចក្រភពអង់គ្លេស បានសន្យាថា លោកនៅតែបន្តខិតខំបង្កើតគម្រោងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលនៅកម្ពុជា។
លោក Jonathan Ledger បានសន្យាថានឹង បន្តការខិតខំបង្កើតឱ្យមានជាគម្រោងកិច្ចសហប្រតិបត្តិលើការអភិវឌ្ឍ ប្រព័ន្ធ TVET នេះ ហើយបានទទួលការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជារួចហើយ។ ជាជំហានដំបូង លោកនឹងរៀបចំឱ្យមានជាទស្សនកិច្ចសិក្សាជូនមន្រ្តីបច្ចេកទេសកម្ពុជា ទៅកាន់ទីក្រុងឡុង ដើម្បីសិក្សាស្វែងយល់ជាក់ស្តែង សម្រាប់ជាមួលដ្ឋានយកមកអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោក Jonathan Ledger ដែលបានចាប់អារម្មណ៍ ក្នុងការជួយដល់កម្ពុជានូវការអភិវឌ្ឍនូវប្រព័ន្ធ TVET នៅកម្ពុជា ដើម្បីឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនរបស់កម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់។
ភាគីទាំងពីរបានយល់ឃើញនូវសារៈសំខាន់ ក្នុងការបើកច្រកនូវកិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ បង្កើតភាពជាដៃគូ ដែលមានសាកលវិទ្យាល័យ វិទ្យាស្ថាន និងអង្គការរបស់រដ្ឋាភិបាលអង់គ្លេសជាច្រើន កំពុងចាប់អារម្មណ៍ក្នុងការផ្តល់កិច្ចសហប្រត្តិបត្តិការភាពជាដៃគូជាមួយកម្ពុជា។
ភាគីទាំងពីរបានទទួលស្គាល់ថា វាពិតជាជួបនូវកត្តាប្រឈមខ្លាំងណាស់ ក្នុងដំណាក់កាលចាប់ផ្តើម ព្រោះចំណង់ចំណូលចិត្តអ្នកសិក្សាមិនសូវចង់សិក្សា តាមប្រព័ន្ធ TVET ទេ។
សូមជម្រាបថា ប្រទេសអង់គ្លេសមានបទពិសោធន៍ដ៏យូរលង់ ក្នុងការផ្តល់នូវជម្រើសដ៏ល្អសម្រាប់អ្នកសិក្សាឱ្យពួកទទួលស្គាល់នូវតម្លៃនៃការសិក្សាតាមប្រព័ន្ធ TVET ដែលវាមិនខុសគ្នាពីប្រព័ន្ធអប់រំទេ (Academic) តាមរយៈបទពិសោធន៍ នឹងធ្វើឱ្យយុវជនវ័យក្មេងរបស់កម្ពុជាទទួលស្គាល់នូវសារៈសំខាន់ នៃការសិក្សាតាមតាមប្រព័ន្ធ TVET ដែលពួកគេជាច្រើនមិនបានដឹងពេលចូលក្នុងប្រព័ន្ធទីផ្សារការងារ ទើបដឹងថាពួកគេត្រូវតែឆ្លងកាត់ប្រព័ន្ធនេះ ក្នុងពេលបម្រើការងារ។
លោក អ៊ិត សំហេង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ ស្របទៅនឹងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ (TVET-Policy) ហើយបច្ចុប្បន្នគណៈកម្មាធិការជាតិបណ្តុះបណ្តាល បាននិងកំពុងជំរុញការបង្កើតបន្ថែមទៀត នូវគោលនយោបាយ ផែការសកម្មភាព និងរៀបចំការងារបច្ចេកទេសនានា សំដៅសម្រេចឱ្យបាននូវគោលដៅទាំងនេះ៕